ខេត្តបន្ទាយមានជ័យ÷លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះត្រួតពិនិត្យរឹតបន្តឹងនូវវិធានការបិទខ្ទប់តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តបន្ទាយមានជ័យ។
អញ្ជើញចូលរួមមាន លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរចុះត្រួតពិនិត្យនាឱកាសនេះគឺអនុវត្តទៅតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបិទខ្ទប់តាមបណ្ដាច្រកព្រំដែនកម្ពុជា-ថៃ សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ប្រភេទដែលតា។
លោកឧត្តមសេនីយ៍ទោ សេង ធារិន សូមអំពាវនាវដល់បងប្អូនដែលជាពលករធ្វើការនៅប្រទេសថៃ សូមមេត្តាកុំធ្វើដំណើរឆ្លងដែនមកប្រទេសកម្ពុជាក្នុងដំណាក់កាលនេះ ព្រោះវាអាចបង្កឱ្យមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតាចូលខ្លួនយើងនិងក្រុមគ្រួសារយើង ហើយពេលនេះប្រទេសកម្ពុជាកំពុងអនុវត្តនូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបិទច្រកព្រំដែនកម្ពុជា-ថៃ មិនឱ្យមានការឆ្លងកាត់ក្នុងរយៈពេលខ្លី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលកម្ពុជាយើង ដូច្នេះសូមបងប្អូនទ្រាំលំបាកមួយរយៈពេលខ្លីដើម្បីខ្លួនយើង ដើម្បីក្រុមគ្រួសារយើង និងដើម្បីកម្ពុជាយើងឆ្លងផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងដំណាក់កាលនេះ៕
ដោយ៖ សូរិយា