ភ្នំពេញ៖ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ នៅថ្ងៃសៅរ៍ទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខណ្ឌយ៉ាងដូច្នេះថា៖ តាំងនាមរដ្ឋបាលខណ្ឌព្រែកព្នៅ ក៏ដូចជាប្រជាពលរដ្ឋមានទីលំនៅអមសងខាងផ្លូវលេខ១៥១ នៅក្នុងសង្កាត់ពញ្ញាពន់ មូលដ្ឋានខណ្ឌព្រែកព្នៅ ទាំងមូលមានសេចក្តីត្រេកអរជាខ្លាំង ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ថវិការសម្រាប់ជួសជុលនិងពង្រីកផ្លូវលេខ១៥១។
នៅក្នុងសំណេរខាងលើនេះ បានបញ្ជាក់បន្ថែមទៀតថា ជំហ៊ានទី១ តាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជួយសម្រួល ក្នុងការជួសជុលផ្លូវលេខ១៥១នេះឡើងវិញ ដើម្បីងាយ ស្រួលដល់ការធ្វើចរាចរណ៍ ក៏ដូចជាជួយលើក កម្ពស់ដល់ជីវភាពរបស់ប្រជាពលផងដែរ។
ជាក់ស្ដែងផ្លូវលេខ១៥១ ជាផ្លូវមានសារៈសំខាន់ខ្លាំងបន្ទាប់ពីផ្លូវជាតិលេខ៥ ហើយបច្ចប្បន្នមាន ការជួសជុល និងពង្រីកផ្លូវឲ្យបានទទឹង១២ម៉ែត្រ បណ្តោយពីវត្តប្រាសាទរហូតទៅដល់ភ្នំប្រសិទ្ធិព្រំប្រទល់ខេត្តកណ្តាលនៅពេលឃើញក្រុមហ៊ុនចាប់ផ្តើមជួសជុល និង ពង្រីកផ្លូវលេខ១៥១ ឱ្យបានស្អាតនិងធំទូលាយជាងមុន យើងខ្ញុំជាមន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌព្រែកព្នៅ និងប្រជាពលរដ្ឋដែលរស់នៅក្នុង សង្កាត់ពញ្ញាពន់ មានការត្រេកអរជាខ្លាំង ដែលផ្លូវ ១៥១ នេះមានពង្រីកធំជាងមុន និងស្អាតជាងមុន ហើយយើងខ្ញុំទាំងអស់គ្នាសូមថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលតែងតែចិត្តទុកដាក់សុខទុករបស់ប្រជាពលរដ្ឋជានិច្ចរៀងរហូតមក។
លោកអភិបាលខណ្ឌ បន្ថែមថា យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរបវរមហាប្រសើរជូន ចំពោះសម្តេចអគ្គមហាសេនាបតីយតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ដើម្បីដឹកនាំនាវាកម្ពុជា មានសុខសន្តិភាពតរៀងទៅ។
ជាមួយគ្នានេះផងដែរ យើងខ្ញុំទាំងអស់គ្នាសូមគោរពជូនពរបវរមហាប្រសើរជូនចំពោះ លោក ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ សូមទទួលបាននូវពុទ្ធពរទាំង៥ ប្រកាគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លៀតឡើយ៕ដោយ៖សហការី