ភ្នំពេញ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រហូតមកដល់ពេលនេះយើងមានអ្នកសន្យាផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានសរុបរហូតដល់៣៥លាន ១សែន ១៥០០០ដូស ប៉ុន្តែដោយកម្ពុជាយើងមានបទពិសោធន៍គ្រប់គ្រាន់តាំងពីអតីតកាល គឺសុំឲ្យដកអ្វីជាការសន្យា ដកចេញពីការគិតគូរ ដោយកម្ពុជាជ្រើសរើសយកចិនជាបង្អែកយុទ្ធសាស្ត្រសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំង ចំណែកប្រភពផ្សេងទៀតជាប្រភពគាំទ្រ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា វ៉ាក់សាំងជាជំនួយរបស់ចក្រភពអង់គ្លេសនាពេលខាងមុខនេះ សម្តេចនឹងទៅទទួលផ្ទាល់ ខណៈវ៉ាក់សាំងដែលអង់គ្លេសផ្តល់ជូននេះ គឺជាជំនួយទ្វេភាគីមិនមែនតាមរយៈកូវ៉ាក់នោះឡើយ។ ជាមួយគ្នានេះសម្តេចបានបញ្ជាក់ផងដែរថា វ៉ាក់សាំងដែលអាមេរិកបានផ្តល់ដល់កម្ពុជានាពេលកន្លងទៅនេះសម្តេចមិនបានទៅទទួលគឺដោយសារតែជាជំនួយតាមរយៈកូវ៉ាក់។
សម្តេចបានថ្លែងបែបនេះខណៈ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជូនក្មេង និងយុវវ័យអាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ។ ពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនក្មេងៗ និងយុវវ័យ នឹងធ្វើឡើងនៅវិមានសន្តិភាព នៅព្រឹកថ្ងៃអាទិត្យ ៨រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ៕
ដោយ, សុខ ខេមរា