ភ្នំពេញ ៖ ដោយសារតែកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន និងមិនយោគយល់គ្នា ខណៈដែលអ្នកបើករថយន្តទាំងពីរគ្រឿងបើកមកដល់ផ្លូវបំបែកជាបួនហើយមិនបន្ថយល្បឿនទើបជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលឱ្យគាបស្ត្រីម្នាក់ក្នុងរថយន្តរបួសធ្ងន់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅចំណុចគល់ស្ពាននាគកោះពេជ្រ តាមបណ្តោយផ្លូវកោះពេជ្រ កែង ស្ពាននាគកោះពេជ្រ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿង ម៉ាកឡិចសុីស RX-300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-2991 បើកបរដោយបុរសម្នាក់ចុះមកពីលើស្ពាននាគកោះពេជ្រ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចផ្លូវបំបែបជាបួន កែងផ្លូវកោះពេជ្រ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកVisto ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2D-6708 បើកបរតាមបណ្តោយផ្លូវកោះពេជ្រក្នុងទិសដៅពីត្បូងទៅជើង ដោយរថយន្តទាំង២គ្រឿងបើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នដូចគ្នាទើបជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលឱ្យគាបជាប់ស្ត្រីម្នាក់របួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿងរងការខូចខាតរៀងៗខ្លួនយ៉ាងដំណំ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើការវាសវែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រងចាំការដោះស្រាយនៅពេលក្រោយ៕
ដោយ៖ រ៉ារ៉ា