នៅថ្ងៃទី១ ខែសីហា ប្រមុខដឹកនាំរដ្ឋាភិបាលមីយ៉ាន់ម៉ា លោក Min Aung Hlaing បានសន្យាថានឹង រៀបចំការបោះឆ្នោតជាថ្មី ហើយទន្ទឹមនឹងនោះលោកក៏បានប្រកាសថានឹងសហការជាមួយឧបការី តំណាងឲ្យប្រទេសតំបន់អាស៊ានផងដែរ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍មីយ៉ាន់ម៉ា ក្នុងឱកាសនៃការកាន់អំណាចដឹកនាំមីយ៉ាន់ម៉ារយៈពេល៦ខែ មេដឹកនាំ Min Aung Hlaing បានឱ្យដឹងថា «មីយ៉ាន់ម៉ាបានត្រៀមលក្ខណៈសហការជាមួយប្រទេសអាស៊ានដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា»។
តាមគម្រោង នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន AMM លើកទី ៥៤ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២ខែសីហាឆ្នាំ២០២១នេះ បណ្តារដ្ឋមន្ត្រីការបរទេសនឹងពិភាក្សាគ្នាស្តីពីការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ដែលបានព្រមព្រៀងគ្នាកាលពីចុងខែមេសាដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
នៅដើមខែមិថុនាកន្លងមក ប្រធានគណៈកម្មការកិច្ចការបរទេសអាស៊ាន លោក Darussalam Dato Erywan Pehin Yusof (មន្ត្រីការបរទេសប៊្រុយណេ) និងអគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បានទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីពិភាក្សាស្តីអំពីដំណោះស្រាយសន្តិភាព និងផលប្រយោជន៍របស់ពលរដ្ឋមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ា ធ្លាក់ក្នុងស្ថានភាពវិបត្តិនយោបាយ នៅថ្ងៃទី១ ខែកុម្ភៈ ក្រោយពេលកម្លាំងទាហានធ្វើរដ្ឋប្រហារ ចាប់ខ្លួនលោកស្រីអោងសាន ស៊ូជី និងមន្ត្រីរដ្ឋាភិបាលស៊ីវិលជាច្រើនរូប។ តាំងពីពេលនោះមកមីយ៉ាន់ម៉ាធ្លាក់ក្នុងវិបត្តិកាន់តែធ្ងន់ ពេលពលរដ្ឋនាំគ្នាធ្វើបាតុកម្ម ប្រឆាំងការដឹកនាំដោយយោធា ៕ដោយ៖ធីរីណា
រូបថត៖AFP/TTXVN