សម្ដេច​ក្រឡា​ហោម​ ស​ ខេង​៖​ បងប្អូនជនរួមជាតិជាទីគោរព!

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នៅថ្ងៃអាទិត្យទី​០១​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានថ្លែង​ឱ្យ​ដឹង​ថា៖​ “ថ្ងៃនេះខ្ញុំសូមជម្រាបជូនអំពីលទ្ធផលការងារសុវតិ្ថភាពចរាចរណ៍ប្រចាំខែកក្កដា ឆ្នាំ២០២១ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះ បើប្រៀបធៀបនឹងខែកក្កដាដូចគ្នាឆ្នាំ២០២០ ប៉ុន្តែវាជាការគួរឲ្យព្រួយបារម្ភផងដែរដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការកើនឡើងបើប្រៀបធៀបនឹងខែមិថុនាឆ្នាំ២០២១កន្លងទៅនេះ” ។

របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបង្ហាញថាក្នុងខែកក្កដាឆ្នាំ២០២១នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង២០៨លើក ក្នុងនោះគ្រោះថ្នាក់កើតមានឡើងនៅពេលយប់មាន៥៨ភាគរយ ដែលបណ្តាឲ្យមនុស្សស្លាប់ចំនួន១០៧នាក់ និងរងរបួសធ្ងន់ស្រាលមានចំនួន២៨២នាក់ ។ ទិន្នន័យនេះបើប្រៀបធៀបនឹងខែកក្កដាឆ្នាំ២០២០ គឺចំនួនអ្នកស្លាប់មានការថយចុះ៤០នាក់ស្មើនឹង២៧ភាគរយ រីឯអ្នករងរបួសគឺថយចុះ៧០នាក់ស្មើនឹង២០ភាគរយ ។

ប៉ុន្តែបើយើងធ្វើការព្រៀបធៀបគ្រោះថ្នាក់ចរាចរណ៍ក្នុងខែមិថុនាឆ្នាំ២០២១នេះវិញគឺចំនួនអ្នកស្លាប់បានកើនឡើង១៤នាក់ស្មើនឹង១៥ភាគរយ និងចំនួនអ្នករងរបួស៣៩នាក់ស្មើនឹង១៦ភាគរយ ។

មូលហេតុដែលបង្ករឲ្យមានគ្រោះថ្នាក់ទាំងនេះគឺបណ្តាលមកពីការបើកបរដោយល្បឿនលឿនមាន៣៧ភាគរយ ការមិនគោរពសិទ្ធិមាន២២ភាគរយ ការមិនប្រកាន់ស្តាំ១៧ភាគរយ ការវ៉ាជែងមាន១០ភាគរយ បើកបរដោយស្ថានភាពស្រវឹងមាន៥ភាគរយ និងកត្តាយានយន្តមាន១ភាគរយ ។ ចំណែកឯភូមិសាស្រ្តដែលមានគ្រោះថ្នាក់ច្រើនគឺនៅរាជធានីភ្នំពេញមានចំនួន៦៦លើក នៅខេត្តកណ្តាល១៦លើក និងនៅខេត្តស្វាយរៀង១៥លើក ។

ផ្អែកលើទិន្នន័យខាងលើនេះ បានបង្ហាញថាស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងភាគច្រើនបំផុតដោយសារតែមូលហេតុការបើកបរមិនគោរពច្បាប់ ។ ឆ្លៀតនៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បង ប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ សូមមេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ដើម្បីចៀសផុតគ្រោះថ្នាក់ដល់ខ្លួនយើង គ្រួសារយើង អ្នករួមដំណើរជាមួយយើង និងសង្គមជាតិយើង ។

ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។

សម្ដេច​ក្រឡា​ហោម​ ថ្លែង​បន្តថា​ ខ្ញុំក៏សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលនៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុងស្រុកខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត ដែលបានបំពេញភារកិច្ចដ៍ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ ទោះបីក្នុងពេលជាមួយគ្នាដែលពិភពលោកក៏ដូចប្រទេសកម្ពុជាកំពុងរងការរាតត្បាតនៃជម្ងឺកូវីដ-១៩ ។
យើងទាំងអស់គ្នាចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពរបស់យើងតាមពាក្យស្លោក៖
– ថ្ងៃនេះ ថ្ងៃស្អែតកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍
– គោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាកាតព្វកិច្ចរបស់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប
– បើកបរលើសល្បឿនដែលច្បាប់កំណត់ ងាយប្រឈមនឹងគ្រោះថ្នាក់
– បើស្រវឹង សូមកុំបើកបរ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺគោរពជីវិតខ្លួនឯង និងអ្នកដទៃ
– គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក គឺលើកកម្ពស់កិត្យានុភាពជាតិ
– ការពារជីវិតអ្នក ត្រូវពាក់មួកសុវត្ថិភាព៕ដោយ៖សហការី​

សូមអរគុណ!

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print