ខេត្ត​ព្រះសីហនុ​៖​ បេី​កយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បើ​កយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ រហូតដល់ក្រោម ១៨ឆ្នាំ ដែលបានដំណើរការព្រមគ្នាទាំង០៩ទីតាំង ក្នុងក្រុងស្រុកទាំង០៥ នៃខេត្តព្រះសីហនុ។

តាមរយៈនៃយុទ្ធនាការខាងលើនេះ យើងសង្កេតឃើញថា មានប្រជាពលរដ្ឋជាមាតាបិតា និងអ្នកអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បាននាំកូនចៅយ៉ាងច្រើនកុះករមកទទួលវ៉ាក់សាំងនៅតាមមណ្ឌលចាក់វ៉ាក់សាំងទាំង០៩ទីតាំង នៅទូទាំងខេត្តព្រះសីហនុ។

មាតាបិតា អាណាព្យាបាល និងយុវវ័យទាំងឡាយ បានបង្ហាញភាពកក់ក្តៅ និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ដើម្បីបង្កើនភាពស៊ាំទប់ទល់នឹងការឆ្លងរាលដាលជំងឺកូវីដ-១៩។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអំពានាវដល់មាតាបិតា និងអ្នកអាណាព្យាបាលកុមារ និងយុវវ័យដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ សូមនាំកូនចៅរបស់ខ្លួនមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នាៗ។

ទន្ទឹមនេះ លោកអភិបាលខេត្ត​ ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ត្រូវចូលរួមអនុវត្តឱ្យបានខ្ចប់ខ្ជួន នូវវិធានការនានារបស់ក្រសួងសុខាភិបាល និងគោលការណ៍ “៣.ការពារ ៣.កុំ” របស់សម្តេចតេជោ ហ៊ុនសែន ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print