ភ្នំពេញ, បន្ទាប់ពីសាលារាជធានីភ្នំពេញ បានដាក់បម្រាមគោចរ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោង ២៣:៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១មក នាយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ម្សិលមុិញនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អមដំណើរដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកស្នងការរងនគរបាលរាជធានីភ្នំពេញ ព្រមទាំងក្រុមការងារ បានអញ្ជើញដឹកនាំកម្លាំងចុះល្បាតតាមគោលដៅ ត្រួតពិនិត្យ វិធានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងអំឡុងពេលដាក់ចេញ បម្រាមគោចរ ដោយផ្អាកជាបណ្ដោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬអាជីវកម្ម នៅចន្លោះម៉ោង២១ ដល់ម៉ោង៣ភ្លឺ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមសេចក្ដីសម្រេចលេខ ២៤៩/២១ សសរ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១។
ក្នុងបេសកកម្មត្រួតពិនិត្យការអនុវត្តបម្រាមគោចរ ខាងលើ សង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ បានចូលរួម យ៉ាងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕ ដោយ សិលា