Breaking News, រកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១០៩ ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ, ក្រសួងសុខាភិបាល ចេញសេចក្តីជូនព័ត៌មាន ស្តីពី ការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) ចំនួន ១០៩ ករណី នៅថ្ងៃទី៣១ ខែកក្កដា និងនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១។

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ប្រទេសកម្ពុជា បានរកឃើញករណ៏ឆ្លងវីរុសកូវីដ-១៩ ដែលបំប្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ៤៣នាក់ (ស្រី ២១នាក់) និងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ចំនួន ៦៦នាក់ (ស្រី ២៧នាក់) ដែលមានក្នុងតារាងខាងក្រោមនេះ៖
យោងតាមលទ្ធផលខាងលើ បង្ហាញឱ្យយើងឃើញថា វីរុសដែលតា (Delta) បាននិងកំពុងរាតត្បាតចូលក្នុង សហគមន៍របស់យើងហើយ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមក្រើនរំលឹក ហើយរំលឹកទៀត និងសូមអំពាវនាវដោយទទូចដល់សាធារណជន បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ នៅទូទាំង ប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន កុំភ្លេចខ្លួនឲ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួន ឲ្យស្របតាមពាក្យស្លោកដែលថា៖ “ រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹង ជំងឺកូវីដ-១៩- សំដៅបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មី នេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។ សូម បន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ៣ការពារ និង៣កុំ ដូចសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីការពង្រឹងការអនុវត្តន៍ វិធានការការពារ ការចម្លងវីរុសកូវីដ-១៩ (រួមទាំងពពួកបំប្លែងថ្មី) ជាពិសេសបុគ្គលត្រូវចូលរួមជា ចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្លួន និងម៉ត់ចត់ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡី ស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការណែនាំរបស់ គណៈកម្ម ការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។
ជាបន្ថែមសូមកុំ ទៅកាន់ទីតាំង៣ “ជ” (កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត) គឺជាទីតាំង ដែលមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធី បុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបង ប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។

ទន្ទឹមនឹងនោះដែរក្រសួងសុខាភិបាលសង្កេតឃើញថា ការចម្លងនាបច្ចុប្បន្ននេះមានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ត។ ហេតុនេះ សូមអំពាវនាវដល់យុវវ័យគ្រប់រូប សូមចូលរួមអនុវត្ត នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់និងត្រឹមត្រូវ លើ៣ការពារ ៣កុំ និងកុំទៅកាន់ទីតាំង៣ “ជ” ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ-១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិក គ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្ដាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរង គ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩ នេះ។

ក្រសួងសុខាភិបាល និងបន្តធ្វើការជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមទំព័រហ្វេស ប៊ុក និងគេហទំព័ររបស់ក្រសួងសុខាភិបាល www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារអប់រំសុខភាព ដែលអាចទាញយកមកមើល និងប្រើប្រាស់បាន។
សំរាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print