ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ បានអញ្ជេីញដឹកនាំកិច្ចប្រជុំប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២១ ដោយក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ រួមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ជាកិច្ចចាប់ផ្តេីមនៃកិច្ចប្រជុំលោកស្នងការររងទទួលផែនសេនាធិការ បានអានរបាយការណ៍អំពីលទ្ធផលការងារដែលអនុវត្តបានក្នុងខែកក្កដា បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗដែលកេីតមានក្នុងការអនុវត្តការងារនាពេលកន្លងមក ជាកិច្ចបន្តក៏មានការចូលរួមមតិរបស់លោកស្នងការរងទទួលផែនធនធានមនុស្ស ទាក់ទងទៅនឹងការគ្រប់គ្រងវត្តមានរបស់មន្ត្រីតាមបណ្តាអង្គភាព ការយកចិត្តទុកដាក់លេីការផ្សព្វផ្សាយដល់មន្ត្រីក្នុងការថែរក្សាសុខភាព បង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ មតិចូលរួមរបស់ស្នងការរងទទួលផែនចរាចរណ៍ ទាក់ទងទៅនឹងការអនុវត្តរឹតបន្តឹងចរាចរណ៍ និងមតិចូលរួមរបស់លោកស្នងការរងទទួលផែនសណ្តាប់ធ្នាប់ ទាក់ទងទៅនឹងការចុះរៀបចំសណ្តាប់ធ្នាប់តាមគោលដៅនានា ជាពិសេសតាមគោលដៅជុំវិញផ្សារដេីម្បីរៀបចំឲ្យមានសណ្តាប់ល្អ កាត់បន្ថយការកកស្ទះ និងធ្វេីឲ្យមានសោភណ្ឌភាពល្អ ។
បន្ទាប់ពីការចូលរួមមតិរបស់លោក លោកស្រីស្នងរងរួច លោកស្នងការ ក៏បានកោតសរសេីរដល់កងកម្លាំងទាំងអស់ដែលបានខិតខំលះបង់បំពេញភារកិច្ចជូនជាតិ ជូនអង្គភាព ជាពិសេសបម្រេីប្រជាពលរដ្ឋ ទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់ឡេីយ ដូចជាការល្បាតដេីម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ការការពារប្រតិភូជាតិ អន្តរជាតិ ជាពិសេសការអនុវត្តបម្រាមគោចរនៅពេលយប់រយ:ពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា រហូតដល់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ក៏ដូចជាការខិតខំបម្រេីសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសេីរ ។
ជាកិច្ចបញ្ចប់លោកស្នងការ បានសង្កត់ធ្ងន់ដល់មន្ត្រីទាំងអស់ត្រូវបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋឲ្យបានល្អ ជាពិសេសលោក លោកស្រីស្នងការរងទទួលដឹកនាំតាមបណ្តាខណ្ឌ លោកអធិការខណ្ឌទាំង១៤ និងលោកនាយប៉ុស្តិ៍ទាំងអស់ត្រូវតែយកចិត្តទុកដាក់តាមដានព័ត៌មាន ត្រូវតែឆ្លេីយតប ដោះស្រាយបញ្ហាប្រឈម និងចាត់វិធានការជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ២៤/២៤ម៉ ជាពិសេសត្រូវលេីកទូរស័ព្ទរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ៕ដោយ៖សហការី