ភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះហាងនំប៉័ង យីហោសូរសូគិរីវង់ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ចចុះជួយធ្វើអន្តរាគមន៍ទាន់ពេល កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ហាងនំប៉័ងខាងលើមានឈ្មោះ ចែ លក្ខិណា ភេទស្រី អាយុ៤០ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីកម្មករធ្វើការនៅហាងនំប៉័ងខាងលើបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុពួកគេឮស្នូរសំឡេងផ្ទុះចេញពីឡដុតនំប៉័ងខាងក្រោយ ហើយពេលនោះក៏មានផ្សែងហុយទ្រលោមចេញមកក្រៅរួមជាមួយអណ្ដាតភ្លេីងយ៉ាងសន្ធោសន្ធៅ ខណៈនោះពួកគេក៏បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើនបំពង់ តែមិនរលត់សោះ។ ដោយសារតែស្ថានភាពអណ្ដាតភ្លើងនិងផ្សែងហុយខ្លាំងពេកពួកគេក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យជួយធ្វើអន្តរាគមន៍។
បន្ទាប់ពីទទួលបានព័ត៌មានថាមានអគ្គិភ័យឆាប់ឆេះហាងនំប៉័ងខាងលើ នេះ អាជ្ញាធរនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ក៏បានរាយការណ៍ទៅភ្នាក់ងារបង្ការពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌដង្កោដើម្បីចេញរថយន្តមកជួយបាញ់ទឹកពន្លត់បានទាន់ពេលវេលា ។ ដោយរថយន្តពន្លត់អគ្គិភ័យដែលចុះទៅជួយធ្វើអន្តរាគមន៍ក្នុងករណីអគ្គិភ័យខាងលើសរុបទាំងអស់ចំនួន៨ គ្រឿង ហើយបានប្រើប្រាស់អស់ទឹកចំនួន៣គ្រឿង ទើបភ្លើងរលត់អស់ទាំងស្រុងនៅវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី ២ ខែសីហាឆ្នាំ២០២១។
សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើបណ្ដាលមកពី(ឆ្លងចរន្តអគ្គិសនី) ហើយនៅក្នុងករណីខាងលើនេះគឺមិនមានអ្នកណារងរបួសនោះទេ និងមិនរាលដាលឆាបឆេះដល់ផ្ទះអ្នកជិតខាងឡើយ ៕ ដោយ ៖ ភារ៉ា ដង្កោ