ភ្នំពេញ៖ នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ប្រភពពី(CAMSOC) បានបញ្ជាក់អោយដឹងថា កីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បន្តស្នាក់នៅប្រទេសជប៉ុនរយៈពេល៨ខែទៀត ដើម្បីហ្វឹកហាត់សម្រួចបច្ចេកទេស ឆ្ពោះទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២២ បន្ទាប់ពីកីឡាកររូបនេះបានបញ្ចប់ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ២០២០។
កីឡាករ ប៉ែន សុគង់ បានបញ្ជាក់ពីទីក្រុងតូក្យូ តាមរយៈសារអេឡិចត្រូវនិក នៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ នេះថា ខ្លួនមិនទាន់បានវិលត្រឡប់មកមាតុភូមិកម្ពុជាជាមួយក្រុមប្រតិភូកីឡាករ កីឡាការិនីកម្ពុជា ដែលដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកនាយបេសកកម្មអូឡាំពិកហ្គេមលើកនេះទេ ដោយខ្លួនត្រូវបន្តការហ្វឹកហាត់នៅជប៉ុនរយៈពេល៨ខែទៀត។
អត្តពលិករូបនេះបន្ថែមទៀតថា «ការហ្វឹកហាត់បន្តនៅជប៉ុន ក្រោយបញ្ចប់ការប្រកួតអូឡាំពិកហ្គេមនេះ គឺសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្តសហការជាមួយក្លិបកីឡាអត្តពលកម្ម YUMEOMIRAI ស្ថិតនៅទីក្រុង Kanagawa ដោយរាល់ការចំណាយលើការហូបចុក-ស្នាក់នៅ និងការធ្វើដំណើរ ក្នុងរយៈពេលហ្វឹកហាត់៨ខែខាងមុខនេះ គឺជាការធានារ៉ាប់រងរបស់ក្លិប YUMEOMIRAI ផ្ទាល់តែម្តង។ សម្រាប់ដំណើរការហ្វឹកហាត់បានចាប់ផ្តើមពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះតទៅរហូតដល់ខែមេសា ឆ្នាំ២០២២ មុនពេលដែលស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២២ ដែលបានពន្យារពេលពីចុងឆ្នាំ២០២១ទៅធ្វើ នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២ ខាងមុខ»។
ជាមួយគ្នានោះ ជម្រើសជាតិអត្តពលកម្ពុជារូបនេះក៏បង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំហ្វឹកហាត់បង្កើន គុណភាពបច្ចេកទេសឲ្យកាន់តែល្អប្រសើរ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងស៊ីហ្គេម នៅវៀតណាម ក៏ដូចជាត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះផងដែរ។
សូមរំឭកថា ប៉ែន សុគង់ បានប្រកួតអត្តពលកម្មលើវិញ្ញាសារត់ល្បឿន ១០០ម៉ែត្រ ដោយធ្វើបានក្នុងថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ៩នាក់ នៅពហុកីឡដ្ឋាន Olympic Stadium កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១។ ប៉ែន សុគង់ មិនអាចបំបែកកំណត់ត្រាចាស់របស់ខ្លួនបានឡើយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតរបស់ពិភពលោករៀងរាល់៤ឆ្នាំម្តងមួយនេះ។ កាលពី ស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ប៉ែន សុគង់ ធ្លាប់ធ្វើសម្រេចក្នុងថិរវេលា ១០.៨៧វិនាទី។ យើងនាំគ្នាឆ្ពោះទៅ_ស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣_ទាំងអស់គ្នា កីឡារស់ក្នុងសន្ដិភាព៕ ដោយ៖សិលា