ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមដំណើរដោយលោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកចែកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ជូនដល់មន្ត្រីរាជការចំនួន ៦៩នាក់ ក្នុងនោះ មន្ទីរផែនការខេត្ត ចំនួន ៣៦នាក់ មន្ទីរទេសចរណ៍ខេត្ត ចំនួន ១២នាក់ និងមន្ទីរពាណិជ្ជកម្មខេត្ត ចំនួន ២១នាក់ ដែលកំពុងធ្វើចត្តាឡឺស័ក រយៈពេល១៤ថ្ងៃ នៅតាមមន្ទីរនីមួយៗ បន្ទាប់ពីបានប៉ះពាល់ដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩។
ក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្ត បានធ្វើការណែនាំដល់មន្ត្រីរាជការដែលបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយនឹង អ្នកវិជ្ជមានកូវីដ-១៩ សូមថែរក្សាសុខភាពឲ្យបានល្អ ទាំងការស្នាក់នៅ ហូបចុក ជាពិសេសការហាត់ប្រាណឲ្យបានទៀងទាត់ និងត្រូវចូលរួមអនុវត្តនូវវិធានការអនាម័យតាមការណែនាំរបស់សុខាភិបាល ក៏ដូចជាវិធានការ «៣ការពារ និង៣កុំ» ដើម្បីជៀសផុតពីជំងឺដ៏កំណាចនេះ និងត្រូវរាយការណ៍ដល់ថ្នាក់ដឹកនាំមន្ទីរដើម្បីមានវិធានការក្នុងករណីចេញរោគសញ្ញា ឬមានបញ្ហាសុខភាព។
លោកអភិបាលខេត្ត បានបញ្ជាល់ថា ផ្អែកលើស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី ប្រភេទ ដែលតា (Delta) ក៏មានសន្ទុះខ្លាំងនៅប្រទេសជិតខាង និងបានរាលដាលមកដល់ខេត្តមួយចំនួនដែលនៅជាប់ព្រំដែនជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះខេត្តកំពង់ចាមយើងនាពេលថ្មីៗនេះក៏បានរកឃើញមេរោគបំលែងថ្មី ចំនួន៣ នាក់ផងដែរ ហេតុនេះ សូមបងប្អូនទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និងកែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ខ្សែចម្លងនៃមេរោគកូវីដ-១៩។
អំណោយរបស់រដ្ឋបាលខេត្ត ដែលប្រគល់ជូននាពេលនេះ ក្នុងម្នាក់ៗអង្ករ ២៥គីឡូ មី០១កេស និងប្រគល់ក្នុង០១មន្ទីរ ទឹកសុទ្ធ១០កេស ម៉ាស១.០០០ និងជែល ២០ដប៕ដោយ៖សហការី