ភ្នំពេញ៖ ក្រុមអ្នកបើកបររថយន្តដឹកដីប្រមាណជិត៣០នាក់ បាននាំគ្នាមកប្រមូលផ្តុំមុខសាលាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ ដើម្បីតវ៉ាជាមួយអាជ្ញាធរខណ្ឌ ដោយពួកគាត់បានចោទប្រកាន់ថា អាជ្ញាធរខណ្ឌបានគាបសង្កត់ទៅលើពួកគាត់សឹងតែរកពេលប្រកបមុខរបរសម្រាប់ដោះស្រាយជីវភាពគ្រួសារមិនបាន ។
លោកឆៃ ផេង អាយុ២៥ឆ្នាំ ដែលបានមកតវ៉ានៅមុខសាលាខណ្ឌ ជាតៃកុងរថយន្តដឹកដី មានទីលំនៅភូមិស្រែអំពិល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ បានប្រាប់អ្នកកាសែតថា អាជ្ញាធរខណ្ឌបានបញ្ជាឲ្យសណ្តាប់ធ្នាប់ខណ្ឌឃាត់រថយន្តរបស់ពួកគេទុកម្តង២ម៉ោងទៅ៣ម៉ោង តម្រូវឲ្យមានការបង់ប្រាក់ ហើយករណីនេះ បានធ្វើជាញឹកញាប់ ។
លោកបន្តថា ចាប់តែរថយន្តដឹកដីតូចតាច ផ្ទុយទៅវិញការដឹកជញ្ជូនតាមរថយន្តធំៗ ដូចជាដែក ស៊ីម៉ង់ត៍ និងផ្ទុកលើសទម្ងន់ អត់ឃើញសណ្តាប់ធ្នាប់ខណ្ឌ ឬអាជ្ញាធរបញ្ជាឲ្យចាប់នោះទេ ដូច្នេះពួកគខ្ញុំឆ្ងល់ថា ហេតុអ្វីក៏ធ្វើបាបតែប្រជាពលរដ្ឋរកស៊ីដឹកដី ដើម្បីដោះស្រាយជីវភាពគ្រួសារនោះ ។
បុរសដែលជាតំណាងឲ្យក្រុមអ្នកបើកបររថយន្តដឹកដី បានបន្តថា ការឃាត់ទាំងនេះមិនមែនសំខាន់ទៅលើការផ្ទុកលើសទម្ងន់ ឬដីជ្រុះហុយនោះទេ សំខាន់គឺករណីធ្វើយ៉ាងណាឲ្យខាងឡានចូលបង់ប្រាក់ប្រចាំខែ ពីព្រោះជារៀងរាល់ខែ ពួកគេបានបង់ប្រាក់ក្នុងមួយខែ២ពាន់ដុល្លាររួចទៅហើយ នៅតែមានបញ្ហាមិនចេះចប់ ដូច្នេះ សូមឲ្យរដ្ឋបាលសាលាខណ្ឌ ក៏ដូចជាអាជ្ញាធរ មេត្តាចេញមកដោះស្រាយ ទល់មុខគ្នា ។
បើទោះជាមានការតវ៉ាដោយក្រុមអ្នកបើកបរជាច្រើននាក់ក៏ដោយ មកទល់នឹងម៉ោង១០និង៤០នាទីព្រឹក ថ្ងៃ ខែ ឆ្នាំ ដដែល គេពុំទាន់ឃើញមានមន្ត្រី ឬថ្នាក់ដឹកនាំសាលាខណ្ឌព្រែកព្នៅណាមួយចេញមុខមកដោះស្រាយនៅឡើយទេ ។ ក្រុមអ្នកតវ៉ានិយាយថា បើមិនចេញមកដោះស្រាយ ហើយនៅតែបង្កការឃាត់រថយន្ត ដោយគ្មានមូលហេតុ និងដើម្បីជាប្រយោជន៍សម្រាប់ការបង់លុយបន្ថែមប្រចាំខែ ជាមធ្យោបាយចំណេញដល់អាជ្ញាធរពិតមែន ប៉ុន្តែខាតពេលវេលារកស៊ីរបស់ពួកគាត់យ៉ាងខ្លាំងក្លា ហេតុដូច្នេះ សូមឲ្យអាជ្ញាធរ មេត្តាជួយដោះស្រាយបញ្ហានេះជូនពួកគាត់ផង ៕
https://www.facebook.com/nkdnews/videos/537604873065918/
ដោយ៖ សុខ ខេមរា