ប្រភពព័ត៌មានរ៉យទ័របានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ថា យន្តហោះចម្បាំងមួយគ្រឿងរបស់ប្រទេសលីប៊ីបានធ្វើសកម្មភាពបាញ់ពន្លិចនាវាមួយគ្រឿងស្ថិតនៅជិតកំពង់ផែភាគខាងកើតទីក្រុងបែងហ្គាហ្សី ដោយសង្ស័យថា មានដឹកអាវុធខុសច្បាប់។ គ្មានប្រភពបញ្ជាក់ឲ្យបានច្បាស់លាស់អំពីសកម្មភាពបាញ់ប្រហារពីយន្តហោះចម្បាំងពន្លិចនាវាដែលសង្ស័យដឹកអាវុធខុសច្បាប់ធ្វើចរាចរណ៍ឆ្លងកាត់ក្បែរតំបន់ទីប្រជុំជនម៉ារីសា នេះទេ។ ប្រព័ន្ធព័ត៌មានទូរទស្សន៍ Al-Arabiya មានមូលដ្ឋាននៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក៏បានផ្សព្វផ្សាយហេតុការណ៍នេះដែរ ប៉ុន្តែគ្មានការអត្ថាធិប្បាយច្បាស់លាស់នោះទេ។ លោក Nasser al-Hassi អ្នកនាំពាក្យកងកម្លាំងទ័ពអាកាសលីប៊ីបានថ្លែងថា នាវាបានលិចដោយសារតែត្រូវរងការបាញ់ប្រហារពីមីស៊ីលបាញ់ចេញពីយន្តហោះចម្បាំង ។ នាវានេះដឹកអាវុធបម្រើផលប្រយោជន៍ក្រុមភេរវកម្មស្ថិតនៅតំបន់ភាគខាងកើត។ អ្នករាយការណ៍ព័ត៌មានរ៉យទ័របានអះអាងថា បានឮសូរសំឡេងផ្ទុះ និងហោះក្រវែលរបស់យន្តហោះចម្បាំងលីប៊ីស្ថិតនៅពីលើតំបន់បែងហ្គាហ្សី ចម្ងាយ២០គីឡូម៉ែត្រពីទីក្រុង ម៉ារីសាផងដែរ។ ក្រុមហ៊ុនប្រេង NOC គ្រប់គ្រងដោយរដ្ឋមានមូលដ្ឋាននៅទីក្រុងទ្រីប៉ូលីបានចោទប្រកាន់រដ្ឋាភិបាលលោកខាងលិចបានបាញ់ពន្លិចនាវាដឹកប្រេងរបស់ខ្លួន៣លើករួចមកហើយ ក្រោមលេសថាមានដឹកអាវុធ និងគ្រាប់រំសេវខុសច្បាប់។ ប្រទេសលីប៊ីកំពុងស្ថិតក្នុងកាលៈទេសៈចលាចលដោយសារតែរដ្ឋមួយមានរដ្ឋាភិបាល២ និងរដ្ឋសភាពីរ ដែលរដ្ឋាភិបាលនីមួយៗសុទ្ធតែមានកងទ័ព និងអាវុធរៀងៗខ្លួន ។ ពួកគេបានវាយប្រយុទ្ធគ្នាដណ្តើមទឹកដីគ្រប់គ្រង ក្រោយរយៈពេល៤ឆ្នាំនៃការបណ្តេញចេញរដ្ឋាភិបាលផ្តាច់ការក្រោមការដឹកនាំរបស់លោក Muammar Gaddafi ។ រដ្ឋាភិបាលផ្លូវការមានមូលដ្ឋាននៅភាគខាងកើត ចាប់តាំងពីបាត់បង់សិទ្ធិគ្រង់គ្រងរដ្ឋធានីរយៈពេលមួយឆ្នាំកន្លងមកហើយទៅលើក្រុមប្រឆាំងនោះ។ ក្រុមប្រឆាំងក្នុងប្រទេសលីប៊ីបានបង្កើតរដ្ឋបាលផ្ទាល់ខ្លួនស្ថិតនៅក្នុងដែនដីដែលខ្លួនកាន់កាប់ ។ ក្រុមប្រឆាំង និងកម្លាំងរដ្ឋាភិបាលតែងតែប្រើប្រាស់យន្តហោះចម្បាំងវាយប្រហារគ្នាជានិច្ច។ កាលពីខែមេសា យន្តហោះចម្បាំងរបស់រដ្ឋាភិបាលស្របច្បាប់លីប៊ីបានវាយប្រហារទៅលើនាវាដឹកប្រេងមួយគ្រឿងស្ថិតនៅមិនឆ្ងាយប៉ុន្មានទីទីក្រុង Sirte ។ ការវាយប្រហារនោះបណ្តាលឲ្យមនុស្ស៣នាក់រងរបួស ហើយនាវានោះត្រូវភ្លើងឆេះទាំងស្រុង ៕