ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីលោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃពុធទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១។
នៅក្នុងសំណេររបស់លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៣ ខែសីហាម្សិលមិញនេះ មានដូចខាងក្រោម៖
កាអនុវត្តវិធានការច្បាប់មានចំនួន ៣៧២ ករណី៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ៥៤៨ នាក់
២.ឃាត់យានយន្ត ចំនួន ២១៥គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៣២លានរៀល។
គួររម្លឹកថា បើតាមការបញ្ជាក់របស់លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការអនុវត្តចាប់ពីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១កន្លងទៅ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះអ្នកល្មើសបម្រាមគោចរពាក់ព័ន្ធនឹងការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតគ្មានការលើកលែងឡើយ ហើយបើល្មើសធ្ងន់ធ្ងរអាចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តទៀត។ មិនតែប៉ុណ្ណោះអ្នកល្មើសនឹងបម្រាមគោចរ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺត្រូវផាកពិន័យយ៉ាងធ្ងន់ធ្ងរ គឺម៉ូតូ២០ម៉ឺនរៀល រថយន្ត១លានរៀល។
គួរបញ្ជាក់ថា ដោយគិតពីសុខភាពនិងអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានចេញសេចក្តីសម្រេចបិទខ្ទប់ខេត្តចំនួន៨រួចហើយ ដើម្បីកុំឲ្យមានការរីករាលដាលនៃជំងឺកូវីដបំប្លែងថ្មីនេះ។ ទេីបរដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចបិទបម្រាមគោចរចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺផងដែរ ដើម្បីរក្សាអាយុជីវិតបងប្អូនប្រជាពលរដ្ឋខណៈដែលជំងឺនេះបាននិងកំពុងរីករាលដល់យ៉ាងខ្លាំង គួរឲ្យព្រួយបារម្ភ៕ដោយ៖សហការី