មន្ទីរបញ្ចកោណ គឺជាអគារក្រសួងការពារជាតិសហរដ្ឋអាមេរិក ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយពេលប៉ូលិសម្នាក់រងការសម្លាប់នៅស្ថានីយរថយន្តក្រុងខាងក្រៅមន្ទីរបញ្ចកោណនាវេលាម៉ោង១០និង៣០នាទីថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២១។ លោក Woodrow Kusse មន្ត្រីទទួលបន្ទុកការពារសន្តិសុខមន្ទីរបញ្ចកោណបានឱ្យដឹងថា «មានសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់នៅស្ថានីយរថយន្តក្រុង បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ក្នុងនោះមានប៉ូលិសម្នាក់»។ កម្លាំងប៉ូលិសមិនបានតាមរកចាប់ខ្លួនជនសង្ស័យបាញ់ប្រហារណាមួយនោះឡើយ ដោយបានប្រកាសថា មិនមានការគំរាមកំហែងសន្តិសុខសាធារណៈនោះឡើយ។ ប៉ុន្តែក្រុម FBI បានចូលរួមស្រាវជ្រាវ បញ្ចាក់ពីការណ៍ពិត។ សារព័ត៌មាន NBC News បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ជនរងគ្រោះត្រូវគេចាក់ជាច្រើនកាំបិតនៅបំពង់ក ហើយជនដៃដល់ត្រូវបានប៉ូលិសបាញ់សម្លាប់។ ហេតុការណ៍ខាងលើបង្ខំឲ្យមន្ត្រីនៅមន្ទីរបញ្ចកោណត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ចំណែកអគារត្រូវបានបិទក្នុងរយៈពេលជាង១ម៉ោង។ ក្នុងពេលហេតុការណ៍កើតឡើង រដ្ឋមន្ត្រីការពារជាតិ លោក Lloyd Austin និងអគ្គមេបញ្ជាការកងទ័ពអាមេរិក Mark Milley កំពុងស្ថិតនៅក្នុងសេតវិមាន ចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីបៃឌិន ៕ដោយ៖ធីរីណា
រូបភាព៖AP.