អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បានដកស្រង់ចេញផ្សាយពីក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធ ទី០៤ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,២០០ករណីបន្ថែមទៀត, ខណៈអ្នកជំងឺចំនួន ១៨៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់បន្ថែមថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,០១៣ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៨៧ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ ដែលនេះជាចំនួនករណីឆ្លងខ្ពស់បំផុត មិនធ្លាប់មានពីមុននោះឡើយ ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ១៧,៩៧៥នាក់ផ្សេងទៀតត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។
សូមជម្រាបថា បន្ទាប់ពីករណីឆ្លងខ្ពស់បំផុត បច្ចុប្បន្នអាជ្ញាធរថៃ ក៏បានសម្រេចផ្អាកការធ្វើចរាចរណ៍ តាមផ្លូវអាកាសនៅក្នុងស្រុកផងដែរ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត COVID-19 ដែលជាហេតុបង្កឲ្យអ្នកទេសចរបរទេសនៅកោះ ភូកេត ត្រូវជាប់គាំងនៅទីនោះ ដោយមិនអាចធ្វើដំណើរទៅកន្លែងផ្សេងទៀត តាមគោលដៅបានឡើយ។
គួរបញ្ជាក់ថា ប្រទេសថៃ គិតរហូតមកទល់ពេលនេះ បានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៧២,៣៨៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៥០៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៥៥,៨០៦នាក់៕ដោយ៖ស តារា