ខេត្តកំពង់ធំ៖ សមត្ថកិច្ចបានឃាត់ខ្លួនបុរស៣នាក់ ដែលជាមុខសញ្ញាចែកចាយ និងជួញដូរគ្រឿងញៀនត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ ចាប់បញ្ជូនទៅកាន់តុលាការ ខណៈពេលដែលមុខសញ្ញាកំពុងតែធ្វើសកម្មភាពជួញដូរគ្រឿងញៀន កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦។
លោកវរៈសេនីយ៍ទោ ងួនហៀង ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅផ្លូវចូលឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ខណៈពេលដែលជនសង្ស័យកំពុងទូរស័ព្ទទៅទិញថ្នាំញៀនយកមកលក់បន្ត និងប្រើប្រាស់គ្រឿងញៀននៅក្នុងស្រុកស្ទោង។
សមត្ថកិច្ចរឹបអូសវត្ថុតាងបានមួយចំនួនមាន ម៉ូតូ១គ្រឿង ព្រមទាំងទូរស័ព្ទ៣គ្រឿងធ្វើចរាចរទិញលក់ពីមេក្លោង ជនសង្ស័យខាងលើនេះទី១ឈ្មោះជនសំណាង ភេទប្រុសអាយុ១៩ឆ្នាំឆ្នាំរស់នៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ទី២ឈ្មោះអួន សំអូន ភេទប្រុស អាយុ២៨ឆ្នាំរស់នៅផ្សារក្រោម សង្កាត់ថ្វាយដង្គំ ខេត្តសៀមរាប ទី៣ឈ្មោះហួត ឈុនហៃ អាយុ២៤ឆ្នាំនៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។
តាមចម្លើយជនសង្ស័យបានសារភាពថា ពួកគេគ្រាន់តែបានប្រើប្រាស់ថ្នាំញៀនបន្តិចបន្តួច។ ទោះបីជាយ៉ាងនេះក៏ដោយ សមត្ថកិច្ចបានបន្តថា ជនសង្ស័យទាំង៣នាក់ ដែលពាក់ព័ន្ធទៅនិងគ្រឿងញៀនខាងលើនេះ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ធំ បញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី២៤ខែមីនានេះ ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕

...
ដោយ៖ ប៊ុនរិទ្ធី