ភ្នំពេញ៖ តារាសម្តែង តារាចម្រៀង និងតារាកំប្លែងជាច្រើនរូបបានបង្ហាញវត្តមានចូលរួមសម្តែងជូនដល់មហាជនទស្សនាក្នុងកម្មវិធីបុណ្យផ្កា និងស្លស្ពាន់សិតព្រះពុទ្ធបដិមានាវត្តនាគវ័នដែលមានរយៈពេល៣ថ្ងៃនោះ។
កម្មវិធីរាត្រីចុងក្រោយត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ក្នុងបរិវេនវត្តនាគវ័ន ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានក្រុមសិល្បករជាច្រើនរូបចូលរួមបង្កើតបរិយាកាសកាន់តែរីករាយសម្រាប់អ្នកចូលរួម។ សិល្បករទាំងនោះមាន អ្នកនាង ស៊ុន ណារីម៉ូនីកា អ្នកស្រី ហែម សុវណ្ណ នាយ ហុងដា កញ្ញា ខ្ញែត លោក អ៊ឹម ជីវ៉ា Mr. Queen ក្រុមសម្តែងកញ្ញា យេៗ និងកញ្ញា ផេនខេកជាដើម។
ព្រះតេជគុណនី សុវណ្ណមុនីរ៉េត គង់នៅកុដិ២៤នាវត្តនាគវ័នដែលបានចាត់ចែងនាកម្មវិធីបុណ្យនេះដែរបានមានសង្ឃដីការថាកម្មវិធីបុណ្យផ្កានេះគឺត្រូវបានរៀបចំឡើងដើម្បីប្រមូលបច្ច័យចូលរួមកសាងសមិទ្ធផលក្នុងវត្តនាគវ័ន ហើយក៏មានការស្ម័គ្រចិត្តចូលរួមបង្កើតភាពសប្បាយរីករាយដល់ពុទ្ធបរិស័ទ្ធដោយក្រុមសិល្បករសិល្បការិនីជាច្រើនរូប។ ព្រះអង្គមានសង្ឃដីការបន្តថានៅពេលដ៏ខ្លីខាងមុខនេះវត្តនាគវ័ននឹងក្លាយជាវត្តដែលបំពាក់ដោយជណ្តើរយន្តមុនគេបង្អស់ក្នុងរាជធានីភ្នំពេញ។ ជណ្តើរយន្តដែលជួយសម្រួលភាពលំបាកនៃលោកតា លោកយាយ ចាស់ជរា គឺបានពីទឹកចិត្តសប្បុររបស់លោកស្រីឧកញ៉ាសៀងចាន់ហេងអគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍ។ ព្រោះតែមើលឃើញពីការលំបាកដោយព្រះវិហារវត្តខ្ពស់មានកម្ពស់៣ជាន់ទើបមានការសម្រេចរំលេចឃើញបែបនេះតែម្តង។ ឆ្លៀតក្នុងឱកាសនេះអាត្មាក៍សូមថ្លែងអំណរគុណដល់បណ្តាលោកស្រី ឧកញ៉ា ឯកឧត្តម បងប្អូនទាំងអស់តែងតែគិតគូជួយដល់ទីអារាមវត្តនាគវ័នសូមឲ្យទទួលបានមគ្គផលកុសលល្អតរៀងទៅហើយសូមបួងសួងឲ្យប្រទេសជាតិក៍ដ៏ចជារាជរដ្ឋាភិបាលយើងប្រកបដោយប្រាជ្ញាឈ្លាសវៃដើម្បីដឹកនាំកម្ពុជាឲ្យជឿនលឿនតទៅអនាគតទៀត។
គួរបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជាមានទីអារាមទាំងអស់៤០០០វត្តចំពោះវត្តនៅក្នុងរាជធានីភ្នំពេញមានចំនួន១៤៩វត្ត ក្នុងនោះទើបតែមានវត្តនាគវ័ន១ប៉ុណ្ណោះដែលបានបំពាក់ដោយជណ្តើរយន្តមុនគេគួរឲ្យចាប់អារម្មណ៍។
អ្វីដែលជាការចាប់អារម្មណ៍នាពិធីបុណ្យសាសនានេះលោកស្រីឧកញ៉ាសៀង ចាន់ហេង បានប្រកាសប្រគេនជណ្តើរយន្ត១ប្រគេនព្រះសង្ឃគង់នៅទីអារាមនេះដើម្បីសម្រួលដល់លោកតា លោកយាយ ចាស់ជរា ខណៈព្រះវិហារឡើងទៅមានកម្ពស់៣ជាន់។ ស្របពេលជាមួយនេះក៏មានវត្តមានអធិបតីភាពពីសំណាក់លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក និងលោកស្រីឯកឃុន ដឿន អភិបាលខណ្ឌទួលគោកផងដែរ៕
ដោយ៖ វឌ្ឍនា