ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី និងជា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈ អភិបាលខេត្តស្វាយរៀងនៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។
អញ្ជើញចូលរួមក្នុងពិធីនោះដែរមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋ មន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការជុំវិញខេត្តយ៉ាងច្រើនកុះករ។
ព្រះរាជក្រឹត្យត្រូវបានតែងតាំងឯកឧត្តម ម៉ែន វិបុលជាអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ជំនួស ឯកឧត្តម ជៀង អំ ដែលរាជរដ្ឋាភិបាលបានតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។
មានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះសម្តេចក្រឡាហោម ស ខេង បានសំដែងនូវការកោតសរសើរចំពោះរដ្ឋបាលខេត្តស្វាយរៀងដែលមានស្នាដៃល្អ ក្នុងការគ្រប់គ្រងរដ្ឋបាលដែនដីរបស់ខ្លួនឱ្យមានការរីកចម្រើនកន្លងមក។សម្តេច ក្រឡាហោមក៏បានធ្វើការផ្តាំផ្ញើរផងដែរដល់លោកអភិបាលខេត្ត ដែលទើបតែង តាំងថ្មីធ្វើយ៉ាងណាត្រូវពង្រឹងឱ្យបានល្អនូវសាមគ្គីភាព ឯកភាព ផ្ទៃក្នុង និងសហ ប្រតិបត្តិការគ្នាទៅវិញទៅមកជាមួយបណ្តាក្រសួងស្ថាប័ននានាក្នុងភារកិច្ចរក្សាការពារ សុខសន្តិភាព សុវត្ថិភាពនិងការអភិវឌ្ឍន៍មូលដ្ឋាន៕
ដោយ៖ នគរបាលខេត្ត