ភ្នំពេញ៖ អាចបន្ថែមរឿងរ៉ាវឈឺក្បាលថ្មីមួយទៀតសម្រាប់លោក អ៊ិន សុភិន ក្រោយពីថ្ងៃនេះផលិតករម្នាក់ បានចេញមុខលើកឡើងអំពីការមិនទាន់ទទួលបានប្រាក់សរុបជិត៥ពាន់ដុល្លារអាមេរិកពីការថតភាពយន្ត៣រឿងឲ្យផលិតកម្មមហាហង្ស។ ការទម្លាយករណីថ្មីនេះបានធ្វើឡើងបន្ទាប់ពីរឿងរ៉ាវចម្រូងចម្រាសរឿងប្រាក់កាសជាមួយលោក សុខ រ៉ាស៊ី នៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ផង។
ជាករណីថ្មីដែលបានធ្វើឲ្យកក្រើកផ្អើលពេញចង្កោមអ្នកសិល្បៈ និងមហាជនបន្ទាប់ពីលោក រ៉េមមី ហ៊ូ ដែលគេស្គាល់ថាជាអ្នកច្នៃម៉ូដ និងជាអ្នកដឹកនាំរឿងបានទម្លាយរឿងរ៉ាវប្រាក់កាក់មួយចំនួនពីការផលិតភាពយន្តដែលលោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្សមិនទាន់បានទូទាត់អស់រយៈពេលជិត២ឆ្នាំមកហើយ។ មានការទម្លាយថាអ្នកដឹកនាំរឿង និងជាអ្នកច្នៃម៉ូដល្បីមួយរូបនៅសហរដ្ឋអាមេរិក និងកម្ពុជាគឺលោក រ៉េមមី ហ៊ូ និងភរិយា បាន ជាមនុស្សរាប់អាន និងធ្វើការជាមួយគ្នារាប់ឆ្នាំ និងមានភាពជិតស្និទ្ធថែមទៀតផង ហើយតាមរយៈទំនាក់ទំនងនេះ លោក ក៏បានព្រមព្រៀងធ្វើការងារមួយចំនួន ជាមួយផលិតកម្មមហាហង្ស ដើម្បីផលិតភាពយន្ត ដែលការផលិតនេះបានចាប់ផ្តើមឡើង ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០១៩មកម្ល៉េះ។ ប្រភពថា ភាពយន្តនេះសរុបចំនួន៣រឿងជាភាពយន្តដុំ ដែលក្នុងនោះលោកមានកាតព្វកិច្ចជាអ្នកដឹកនាំរឿង ចំណែកភរិយារបស់លោកឈ្មោះ អ្នកនាង ផូ ភារ័ត្ន ជាជំនួយការដឹកនាំរឿង។ ក្នុងនេះដែរ រ៉េមី គឺជាអ្នកឈរឈ្មោះក្នុងធ្វើកិច្ចសន្យា ជាមួយខាងផលិតកម្មដែលមានលោក អូន ឧស្សាហ៍ ជានាយកគ្រប់គ្រងទូទៅ ធ្វើជាតំណាង។ យោងទៅតាមតាមខ្លឹមសារនៅក្នុងកិច្ចសន្យា លោក រ៉េមមី ហូ និងភរិយា ផូ ភារត្ន័ ក៏បានបញ្ជាក់ថា ក្រុមហ៊ុន ត្រូវកក់ប្រាក់ ៥០% មុនចុះថត ហើយក្រុមហ៊ុនក៏បានកក់រួចហើយដែរ។ ក្រៅពីនេះ ពេលដឹកនាំថតបាន៥០ភាគរយនៃសាច់រឿង ក្រុមហ៊ុនត្រូវបង់ប្រាក់៣០ភាគរយបន្ថែមទៀត លុះបញ្ចប់ការងារដឹកនាំថតចប់ជាស្ថាពរ ទើបក្រុមហ៊ុនត្រូវបង់ប្រាក់២០ភាគរយបញ្ចប់គម្រប់១០០ភាគរយ។ ប៉ុន្តែជាមួយគ្នានោះ អ្នកដឹកនាំក៏ត្រូវមានតួនាទីទៅមើល ការកាត់-តឲ្យចប់ដែរ ទើបមានសិទ្ធិក្នុងការទទួលប្រាក់២០%ចុងក្រោយនេះ។ តាមអ្នកដឹកនាំរឿង ២នាក់ប្ដីប្រពន្ធ បានបញ្ជាក់ថា ក្រោយថតចប់ ពួកគេក៏បានទៅមើលការកាត់-តបាន២រឿង នៅសល់១រឿង។ ដល់ត្រឹមនេះ លោក រ៉េមមី បានស្នើសុំទូទាត់ទឹកប្រាក់៣០%ទាំងបីរឿង តាមកិច្ចសន្យា ដើម្បីយកមកដោះស្រាយលើការចំណាយផ្សេងៗប៉ុន្តែលោក និងភរិយា មិនទទួលបានអ្វីទាំងអស់ ដោយលោក អ៊ិន សុភិន បានយកលេសនេះលេសនោះ ដើម្បីគេចវេះរហូតមកដល់សព្វថ្ងៃនេះ។ មានការបញ្ជាក់ដែរថា ប្រាក់ដែលនៅមិនទាន់ទូទាត់ប្រាក់ថ្លៃពលកម្មរបស់លោក និងភរិយា សរុបចំនួន ៥០% ស្មើនឹងទឹកប្រាក់ជិត ៥០០០ដុល្លារទៀត ហើយកន្លងមកលោក និងភរិយាយល់ព្រមឲ្យផលិតកម្មទូទាត់ឲ្យ ទោះបីរំលស់២០០ដុល្លារ ៣០០ដុល្លារ ឬ៥០០ដុល្លារ ក៏បានដែរ ប៉ុន្តែពួកគេមិនទទួលបានដំណោះស្រាយណាមួយលើទឹកប្រាក់នៅសល់មកដល់បច្ចុប្បន្ន។
គួរបញ្ជាក់ដែរថាមុននេះមានការចាប់អារម្មណ៍ខ្លាំងទៅលើករណីរបស់លោកសុខ រ៉ាស៊ី រហូតអ្នកនាង ផូ ភារ័ត្ន ដែលជាភរិយារបស់លោក រ៉េមមី ហ៊ូ បញ្ចេញសារចាក់ដោតមួយចំនួន និងចែករំលែកអំពីព័ត៌មានទាក់ទិននឹងលោកសុខរ៉ាស៊ី និងលោក អ៊ិន សុភិន ដោយនាងបានទាំងភ្ជាប់នូវខ្លឹមសារសំណេរថា កម្មពៀរមិនចាំជាតិក្រោយទេនេះជា Style ដដែលៗដែលគាត់ធ្លាប់ប្រើជាមួយអ្នកទន់ខ្សោយរួមទាំងខ្ញុំ ។ អ្នកដឹងបានដឹង។ ខណៈដែលសារមួយទៀតដែលត្រូវបានបង្ហាញភ្ជាប់ដោយរូបថតអ្នកនាង និងស្វាមីគឺ មានខ្លឹមសារថា ពីរឆ្នាំហើយដែលនាង និងស្វាមីអត់ធ្មត់ យោគយល់ និងរង់ចាំដំណោះស្រាយរឿងលុយកាក់ ប៉ុន្តែមិនមានលទ្ធផល ផ្ទុយមកវិញគឺថែមទាំងមានការជេរប្រមាថមើលងាយនាង និងគ្រួសារថែមទៀតផងដែរ នាងពិបាកនឹងទទួលយកបាន។ ទោះជាយ៉ាងណាពេលនេះបានលាតត្រដាងហើយអ្វីដែលនៅពីក្រោយការបញ្ចេញសារនេះគឺជារឿងដែលជាប់ពាក់ព័ន្ធទៅនឹងការចេញផលិតភាពយន្តសម្រាប់ផលិតកម្មមហាហង្សនោះតែម្តង៕
មិនទាន់ដោះស្រាយនឹង សុខ រ៉ាស៊ី ចប់ផងលេចចេញផលិតករម្នាក់ទៀតថា លោក អ៊ិន សុភិន មិនទាន់ទូទាត់ប្រាក់ឲ្យ
...