ខេត្តស្វាយរៀង៖ លោកសរ សុដានី អភិបាលរងក្រុងស្វាយរៀង បានថ្លែង សង្កត់ធ្ងន់ថានៅក្នុងក្រុងស្វាយរៀង នាពេលយប់នេះអ្នកដែលមិនព្រមអនុវត្តវិធានការរដ្ឋបាលបំរាមគោចរលេខ០៨៣/២១សសរ និងត្រូវទទួលរង ការពិន័យជាដាច់ខាតដោយមិនមានលើកលែងឡើយ។
ការថ្លែង សង្កត់ធ្ងន់របស់ លោកសរ សុដានី អភិបាលរង ក្រុងស្វាយរៀងធ្វើឡើងនៅព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២១ នៅសាលាក្រុងស្វាយរៀង។
លោក សរ សុដានី អភិបាលរងក្រុង តំណាងលោកអភិបាលក្រុងស្វាយរៀង បានមានប្រសាន៍ថា រយះពេលមួយសប្តាហ៍នៃការអនុវត្តវិធានការរដ្ឋបាលបំរាមគោចរនៃសេចក្តីសម្រេចលេខ០៨៣/២១សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកន្លងមក រដ្ឋបាលក្រុងសង្កេតឃើញថានៅបងប្អូនមួយចំនួនតូចនៅតែបន្តបំពាន នៅតែមិនគោរព នៅតែមិនខ្លាច ធ្វើអោយរដ្ឋបាលក្រុងពិបាកក្នុងការគ្រប់គ្រង និងទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជម្ងឺCovid19 ដែលបច្ចុប្បន្ននេះជម្ងឺនេះកំពុងបំប្លែងខ្លួនថ្មីៗ ហើយឥទ្ធិពលនៃការឆ្លងក៏កាន់តែលឿនជាងមុន ហើយគ្រោះថ្នាក់ជាងមុន ដូច្នេះដើម្បីអោយការអនុវត្តសេចក្តីសម្រេចបំរាមគោចរនេះអោយមានប្រសិទ្ធភាព។
លោកបន្ថែមថា នៅយប់ថ្ងៃទី៥ខែសីហាឆ្នាំ២០២១ នេះចាប់ពីម៉ោង ៩យប់ តទៅ លោកនិងដឹកនាំកម្លាំងចម្រុះចុះអនុវត្តអោយតឹងរឹងបំផុតដោយមិនលើកលែង ព្រោះមិនមែនជាពេលត្រូវអប់រំផ្សព្វផ្សាយទៀតទេ ជាពេលវេលាត្រូវតែអនុវត្ត លើកលែងតែក្នុងករណីពិសេស ដែលមានចែងក្នុងសេចក្តីសម្រេចនេះ ប៉ុន្តែបើបងប្អូនដែលល្មើសបំពានក្រៅពីករណីពិសេសដែលមានចែងក្នុងប្រការ៣ និង ប្រការ៤ របស់សេច ក្តីសំរេចនេះ រដ្ឋបាលក្រុងនិងអនុវត្តវិធានការតឹងរឹងបំផុតគឺ៖
១-ទោះបងប្អូនបំពានដោយចេតនាក្តីអចេតនាក្តីគឺត្រូវឃាត់ទាំងមនុស្សទាំងមធ្យាបាយអោយឈរនៅរង្វង់មូលវិមាន ឯករាជ្យទាល់តែចប់ម៉ោងអនុវត្តវិធានរដ្ឋបាលហើយរងចាំលោកគ្រូពេទ្យមកយកសំណាករួចរាល់ទើបអនុញ្ញតិអោយត្រឡប់ទៅវិញ (បើលទ្ធផលអវិជ្ជមាន) ។
២-បើពិនិត្យឃើញថា បងប្អូនល្មើសនិងច្បាប់ឬ សេចក្តីសម្រេចនានា ដែលបានដាក់ចេញសម្រាប់ការទប់ស្កាត់ការឆ្លងរីករាលនៃជម្ងឺCovid19 និងត្រូវរងការផាកពិន័យតាមច្បាប់កំណត់ជាដាច់ខាត ។
៣-បើបងប្អូន មិនព្រមអនុវត្តបង្ករបញ្ហារដល់ការអនុវត្តវិធានការរដ្ឋបាលនេះ និង រៀបចំកសាងសំណុំរឿងបញ្ជួនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត ។
ក្នុងនាមតំណាងលោកអភិបាលក្រុង និងក្នុងនាមលោកផ្ទាល់ សូមរំលឹកបងប្អូនមេត្តាជ្រាបថាការដាក់ចេញនូវវិធានការរដ្ឋបាលនេះគឺក្នុងគោលបំណងតែមួយគត់គឺដើម្បីការពារអាយុជីវិតបងប្អូន និង មនុស្សរស់នៅជុំវិញបងប្អូន ព្រោះនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដូច្នេះបងប្អូនត្រូវតែអនុវត្ត ។
លោក សរ សុដានី បានបន្តទៀតថានេះជាសារសម្រាប់បងប្អូនដែលរស់នៅក្នុងក្រុងស្វាយរៀង ក៏ដូចជាបងប្អូនដែលធ្វើដំណើរឆ្លងកាត់ក្រុងស្វាយរៀងអោយបានជ្រាបជាពត៌មានដោយក្តីគោរពស្រលាញ់បំផុតអំពីលោក
ជាការដាស់តឿនក្រើនរំលឹកចុងក្រោយហើយលោក បានផ្តាំផ្ញើរថា សូមកុំចាំដល់ពេលឆ្លងជំងឺCovid19ទើបស្រក់ទឹកភ្នែកហើយពោលពាក្យថាស្តាយក្រោយណាបងប្អូនជាទីស្រលាញ់ ទាន់សុខភាពយើងនៅល្អនិងសូមចូលរួមការពារកុំអោយមានការឆ្លងជំងឺនេះអោយសោះ ៕
ដោយ៖ យឹម សុថាន