ភ្នំពេញ៖ សម្លៀកបំពាក់ PPE ម៉ាស់ N95 ម៉ាស់សិង្ហបុរី ម៉ាស់ធម្មតា របាំងមុខ ស្រោមដៃ ទឹកថ្នាំសម្លាប់មេរោគ ត្រូវបានលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ប្រគល់ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ពិសេសដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលវីរុសបំប្លែងថ្មីដែលតា (DELTA) ។
ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែសីហាឆ្នាំ២០២១ក្រោមវត្តមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញតំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ញឹម ខេមរា រដ្ឋលេខាធិការក្រសួងការបរទេស តំណាងលោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៅទីស្តីការក្រសួងការបរទេស ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញក្នុងឱកាសនោះបានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញសូមគោរពថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ចំពោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិដែលបានឧបត្ថម្ភ៖ ១- សម្លៀកបំពាក់ PPE ចំនួន ៨០០ឈុត, ២- ម៉ាស់ N95 ចំនួន ២០,០០០ម៉ាស់, ៣-ម៉ាស់សិង្ហបុរីចំនួន ១០០,០០០ម៉ាស់, ៤-ម៉ាស់ធម្មតាចំនួន ៥០,០០០ម៉ាស់, ៥-របាំងមុខចំនួន ២០០គ្រឿង, ៦-ស្រោមដៃចំនួន១០០ប្រអប់, ៧-ទឹកថ្នាំសម្លាប់មេរោគចំនួន២០០ធុងជូនរដ្ឋបាលរាជធានីភ្នំពេញដើម្បីចាត់វិធានការទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះស្តែងឱ្យឃើញអំពីការគិតគូរ និងក្តីអាណិតស្រលាញ់ចំពោះ ជនរួមជាតិ សាមគ្គីជាធ្លុងមួយក្នុងស្មារតីជួយគ្នានៅក្នុងកាលៈទេសៈដែល ប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យនៃការតត្បាតពីមេរោគកូវីដ-១៩ ។ សមានចិត្តដ៏ប្រពៃនេះនឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕
ដោយ៖ សំរិត