ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា នៅថ្ងៃព្រហស្បតិ៍ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដោយបញ្ជាក់ថា៖តាមរយៈយន្តការនានា ទាំងទ្វេភាគី និងពហុភាគី ព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ពីបណ្តាមិត្តភក្តិបរទេស។
ជាក់ស្តែង ចក្រភពអង់គ្លេសគឺជាប្រទេសទី៤ហើយ បន្ទាប់ពីចិន ជប៉ុន និងអាមេរិកដែលបានផ្តល់វ៉ាក់សាំងដល់ព្រះរាជាណាចក្រកម្ពុជា។ បើទោះបីជាវ៉ាក់សាំងត្រូវបានចាត់ទុកជាទំនិញយុទ្ធសាស្រ្តក្នុងបរិបទនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩នៅទូទាំងពិភពលោកក៏ដោយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ កម្ពុជាអាចរក្សាបាននូវលំហូនៃវ៉ាក់សាំងបានគ្រប់គ្រាន់ដែលបានធ្វើការការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាចអនុវត្តបានជាហូហែ។
រហូតមកដល់ពេលនេះ កម្ពុជាបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណជាង៧០%នៃផែនការរួចមកហើយ (យោងទិន្នន័យទទួលបានពីអនុគណៈកម្មការតាមដាន និងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ ១៩ គ.វ.ក ១៩ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១)។ ជាងនេះទៅទៀត ថ្មីៗនេះ យន្តការនៃការចាក់វ៉ាក់សាំង បានពង្រីកទៅដល់ការចាក់ឲ្យកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ ដល់១៧ ឆ្នាំទៀតផង។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី បានបញ្ជាក់បន្ថែមទៀតថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅនូវការមកដល់នៃវ៉ាក់សាំងប្រភេទអាស្រ្តា ហ្សេនេកាចំនួន ៤១៥ ០០០ ដូស ដែលនឹងត្រូវចូលរួមជាមួយបណ្តាវ៉ាក់សាំងដទៃទៀត ក្នុងការបង្កើតភាពស៊ាំសហគមន៍ដ៏រឹងមាំសម្រាប់កម្ពុជា។ ខ្ញុំសង្ឃឹមថា ជាមួយនឹងដំណើរការយ៉ាងរលូននៃការចាក់វ៉ាក់សាំងក្រោមយុទ្ធសាស្រ្ត “ផ្ការីក” កម្ពុជានឹងសម្រេចបាននូវគោលដៅចាក់វ៉ាក់សាំងតាមការគ្រោងទុក និងជាពិសេស ការទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់នឹងកាន់តែជួយឱ្យយុទ្ធនាការនេះមានប្រសិទ្ធភាពកាន់តែខ្ពស់។
ជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលអង់គ្លេស ដែលសម្រេចផ្តល់វ៉ាក់សាំងនេះដល់កម្ពុជា និងសូមកោតសរសើរជូនចំពោះរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ១៩ ក្រុមគ្រូពេទ្យ កងទ័ព ក៏ដូចជាយុវជនស្ម័គ្រចិត្ត និងអ្នកសម្របសម្រួលទាំងអស់ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ដែលត្រូវបានចាត់ទុកជាអាទិភាពសំខាន់មួយក្នុងបណ្តាយុទ្ធសាស្រ្តនានាដើម្បីគ្រប់គ្រងជំងឺកូវីដ ១៩ដ៏កាចសាហាវមួយនេះ។ ជាមួយគ្នានោះដែរ ខ្ញុំសូមអំពាវនាវដល់បងងប្អូនប្រជាពលរដ្ឋបន្តចូលរួមអនុវត្តវិធានការទាំងឡាយសំដៅកាត់ផ្តាច់ការចម្លងចូលសហគមន៍ ដើម្បីយើងទាំងអស់គ្នាឆ្លងផុតគ្រាលំបាកនេះ៕ដោយ៖សហការី