ភ្នំពេញ៖ បើយោងតាម(CAMSOC) បានបញ្ជាក់អោយដឹងថា, នៅក្នុងគម្រោងហ្វឹកហាត់រយៈពេល៣ខែ នៅតំបន់ភ្នំ អាលែស ភាគខាងត្បូង នៃប្រទេសបារំាង ក្រុមកីឡាករជម្រើសជាតិទោចក្រយាន (កង់) កំពុងបង្កើនការហ្វឹកហាត់យ៉ាងសកម្មបានរយៈពេលជិត២ខែហើយ គិតមកដល់ត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីសម្រួចបច្ចេកទេសឲ្យកាន់តែប្រសើរ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការ នាចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២។
អគ្គលេខាធិការសហព័ន្ធខ្មែរទោចក្រយាន លោក នូ ចំរើន បញ្ជាក់ថា កីឡាករជម្រើសជាតិកង់ទាំង៣នាក់ កំពុងបង្កើនការហ្វឹកហាត់នៅទីនោះចម្លោះពី៤ ទៅ៥ម៉ោង ឬថ្ងៃខ្លះច្រើនជាង៥ម៉ោង ដោយការជិះកង់ច្រើនជាង១០០គីឡូម៉ែត្រ ក្នុង១ថ្ងៃៗផង និងការធ្វើលំហាត់កម្តៅសាច់ដុំតាមបច្ចេកទេស ដើម្បីពង្រឹងកាយសម្បទា ថាមពលកម្លាំង រួមទាំងបង្កើនល្បឿននៃការជិះផងដែរ។ នៅតំបន់នេះ គឺជាតំបន់ភ្នំឡើងចុះមានផ្លូវកាច់កោងចុះឡើងៗ ដែលតំបន់បែបនេះសមស្របដល់ការហ្វឹកហាត់កង់ឲ្យកាន់តែមានគុណភាពខ្ពស់ ម្យ៉ាងទៀតក្រុមកង់កម្ពុជាទាំង៣នាក់ ក៏បានហ្វឹកហាត់ និងដកស្រង់បច្ចេកទេសបន្ថែមជាមួយក្រុមកង់អាជីព នៅប្រទេសបារំាងផងដែរ។
លោក នូ ចំរើន អះអាងទៀតថា ចំពោះការហូបអាហារវិញ គឺកីឡាករកម្ពុជាមិនសូវស៊ាំនឹងអាហារបរទេសនោះទេ ដែលកីឡាករត្រូវចំណាយកម្លាំងច្រើនណាស់ ក្នុងការស្តារថាមពលកម្លាំងឡើងវិញ ដូច្នេះដើម្បីជួយសម្រួលបន្ថែម គឺលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Accademy-CCA) ដែលមានទីស្នាក់ការនៅកម្ពុជា-បារាំង តែងតែធ្វើម្អូបអាហារខ្មែរជូនដល់ពួកគាត់ញឹកញាប់ទៀតផង។ ក្រុមជម្រើសជាតិកីឡាទោចក្រយានទាំង៣នាក់ ដែលកំពុងហ្វឹកហាត់នៅប្រទេសបារំាងនេះ គឺកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា, កីឡាករ សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី បានចាកចេញពីមាតុភូមិកំណើត កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១។
សូមបញ្ជាក់ថា ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម នាឆ្នាំ២០២២ ក៏ដូចជាត្រៀមគោលដៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ខាងមុខ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធកីឡាទោចក្រយាន កំពុងឧបត្ថម្ភគាំទ្រលើកទឹកចិត្តយ៉ាងពេញទំហឹងដល់ក្រុមជម្រើសជាតិផ្សេងទៀត ក្រៅពីហ្វឹកហាត់នៅបារំាង គឺមានកីឡាករជម្រើសជាតិកង់ម្នាក់ទៀត ជាកូនខ្មែររស់នៅសហរដ្ឋអាមេរិក។ ក្រៅពីនេះ ក៏មានការប្រមូលផ្តុំហ្វឹកហាត់ក្នុងស្រុកលក្ខណៈបិទខ្ទប់ធ្វើឡើងនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានកីឡាករ កីឡាការិនី៩នាក់ សរុបក្រុមជម្រើសជាតិ (កង់ភ្នំ-កង់គួក) មានចំនួនសរុបចំនួន១៦នាក់ ក្នុងនោះពេញសិទ្ធិ១២នាក់ និងបម្រុង៣នាក់ ព្រមទាំងគ្រូបង្វឹកចំនួន៤នាក់ (សរុបទាំអស់ ២០នាក់)។ គម្រោងបោះជំរុំហ្វឹកហាត់នេះ ត្រូវបន្តធ្វើរហូតដល់ខែមេសា ឆ្នាំ២០២២ ខាងមុខ ពោលគឺបន្តការហ្វឹកហាត់រហូតជិតដល់ ស៊ីហ្គេម នៅប្រទេសវៀតណាមតែម្តង ក្រោមការឧបត្ថម្ភថវិកាប្រចាំខែពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ហើយក៏ទទួលបានការឧបត្ថម្ភបន្ថែមផ្សេងៗទៀត ពីលោក ប៉ាន សូរស័ក្តិផងដែរ៕
ដោយ, សិលា