ភ្នំពេញ, នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រជុំជាមួយមេធាវីរាជរដ្ឋាភិបាលដែលដឹកនាំដោយ លោក គី តិច និងសហការី។ កិច្ចប្រជុំដ៏មានសារ:សំខាន់នាព្រឹកនេះគឺដើម្បីពិនិត្យ និងពិភាក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយលើការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផលក្នុងរយ:ពេលកន្លងមក។ មួយក្នុងចំណោមប្រធានបទសំខាន់ៗដែលកិច្ចប្រជុំនេះបានលើកយកមកពិភាក្សាគឺភាពអនាធិបតេយ្យនៃការទន្រ្ទាន កាន់កាប់ ឈូសឆាយ កាន់កាប់ដីព្រៃរបស់រដ្ឋខុសច្បាប់ និងការទន្ទ្រានកាន់កាប់ដីសម្បទានសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការវិនិយោគរួចហើយ។
សរុបសេចក្តីមកកិច្ចប្រជុំបានមូលមតិគ្នាថានឹងបង្កើតក្រុមការងារមួយដែលក្រុមនេះនឹងដើរតួនាទីធ្វើការសិក្សា ស្រាវជ្រាវ សមស្រប រួចដាក់ចេញយន្តការដោះស្រាយនូវរាល់បញ្ហាទាក់ទងប្រធានបទខាងលើ ដោយឈរលើគោលការណ៍គតិយុត្ត សុក្រឹត្យភាព និងយុត្តិធម៌ ដើម្បីថែរក្សាទ្រព្យសម្បត្តិរបស់រដ្ឋ(ដី និងព្រៃឈើ និងដីព្រៃលិចទឹក) របស់រដ្ឋ និងជួយការពារដល់មន្រ្តីរបស់ក្រសួង ដែលបាន និងកំពុងដើរតួនាទីជាមន្រ្តីនគរបាលយុត្តិធម៌ ក្នុងការពង្រឹង និងការអនុវត្តន៍ច្បាប់។ លោករដ្ឋមន្ត្រីបានជូនមតិឲ្យក្រុមការងារគួរជ្រើសរើសយកបទល្មើសណាមួយមកដោះស្រាយ ទុកជាគំរូ សម្រាប់ជាវិធានគតិយុត្តយកទៅអនុវត្តបន្តក្នុងការទប់ស្កាត់បទល្មើសដ៏ទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង៕
ដោយ, សិលា