ភ្នំពេញ, សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យត្រៀម រថយន្តយោធា ២០០គ្រឿងសម្រាប់ដឹកជញ្ជូនពលករខ្មែរ មកធ្វើចត្តាឡីស័ក។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាទៅកងទ័ពឱ្យបញ្ចេញរថយន្ត ចំនួន២០០គ្រឿង សម្រាប់ដឹកជញ្ជូនពលករខ្មែរដែលបានធ្វើចត្តាឡីស័ករយៈពេល១សប្ដាហ៍រួចមកហើយនៅតាមបណ្ដាខេត្តជាប់ព្រំដែន ឱ្យមកបន្តធ្វើចត្តាឡីស័កបន្ថែមទៀតនៅតាមបណ្ដាខេត្តជាស្រុកកំណើតរបស់ពួកគេ។
សូមជម្រាបជូនថា, តាមរយៈសារជាសំឡេងនារសៀលថ្ងៃទី៦ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កិច្ចការទីពីរ គឺសុំឱ្យកងអង្គភាពដឹកជញ្ជូនរបស់កងយោធពលខេមរភូមិន្ទ ហើយត្រូវបញ្ជូនរថយន្តបន្ថែមទៅពីខាងក្រោយដែលត្រៀមរៀបចំប្រមាណជា២០០គ្រឿង ដឹកជញ្ជូនបងប្អូនដែលបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលតាមព្រំដែនកម្ពុជា-ថៃ ចំនួន៧ថ្ងៃ រួចមកហើយនោះ ត្រូវដឹកជញ្ជូនបងប្អូនទាំងនេះ ចូលមកកាន់ខេត្តខាងក្រោយប្រគល់ឱ្យខេត្ត និងរាជធានីខាងក្រោយដើម្បីឱ្យបន្តធ្វើចត្តាឡីស័កនៅខាងក្នុង»។
សម្ដេចតេជោ បញ្ជាក់ថាការសម្រេចបែបនេះ គឺដើម្បីផ្ដល់ទីកន្លែងចត្តាឡីស័កទៅដល់ពលករខ្មែរថ្មីទៀត ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ឆ្លងដែនមកដល់ប្រទេសកំណើតវិញ។
សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានចេញបញ្ជាបែបនេះ បន្ទាប់ពីបានទទួលដំណឹងថា ពលរដ្ឋខ្មែរកាន់តែច្រើន បានសម្រុកវិលត្រឡប់មកពីប្រទេសថៃ ចូលមកប្រទេសកំណើតវិញនាពេលថ្មីៗ ក្រោយបាត់បង់ការងារធ្វើ បន្ទាប់ពីប្រទេសថៃ កំពុងឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ រឹតតែធ្ងន់ធ្ងរឡើងៗ។
នៅឡើងនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ សម្ដេចបានបញ្ជាឱ្យប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន ២ គ្រឿងបន្ថែមទៀតដើម្បីដឹកវ៉ាក់សាំងទៅកាន់ខេត្តតាមព្រំដែនចំនួន៧ ដើម្បីរៀបចំចាក់ជូនមន្ត្រីរាជការ កងទ័ព កម្លាំងជួរមុខ មន្ត្រីសុខាភិបាល ចាប់ផ្តើមនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានបញ្ជាក់ថា, ចាប់ពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ចាប់ផ្តើមចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ (អាស្រ្តាហ្សេនីកា) ដូសជម្រុញ ឬដូសទី៣ ដល់ក្រុមគ្រូពេទ្យជួរមុខ មន្ត្រីរាជការ នៅខេត្តទាំង ៧ កងទ័ព នគរបាល៕
ដោយ ,សិលា