ភ្នំពេញ, ការជ្រើសរើសគ្រឹះស្ថានសិក្សាសាធារណៈដែលត្រូវទទួលបានកុំព្យូទ័រក្រោមជំនួយឧបត្ថម្ភពីមន្ទីរអប់រំក្រុងប៊ូសាន ត្រូវបានធ្វើឡើងតាមរយៈការដាក់ពាក្យស្នើសុំមកនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងបានឆ្លងកាត់ការធ្វើសម្រាំងបញ្ជី និងការធ្វើបទបង្ហាញជូនគណៈកម្មការវាយតម្លៃដាក់ពិន្ទុ ដើម្បីធ្វើការសម្រេចចុងក្រោយ។ គ្រឹះស្ថានសិក្សាសាធារណៈជយលាភីនីមួយៗទទួលបានកុំព្យូទ័របន្ទះ (Tablet) ថ្មី ម៉ាក Samsung ចំនួន ៣០គ្រឿង រួមជាមួយស្រោមសម្រាប់ការពារ និងទូសាកថ្មឆ្លាតវៃចំនួន០១ ផងដែរ ដែលគិតជាទឹកប្រាក់សរុប ១១,៣៧២.២៩ ដុល្លារអាមេរិក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ។
គ្រឹះស្ថានសិក្សាសាធារណៈជយលាភីទាំង០៧ ដែលទទួលបានរួមមាន៖
១. វិទ្យាល័យ អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ
២. វិទ្យាល័យ បាកាន ស្រុកបាកាន ខេត្តពោធិ៍សាត់
៣. វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
៤. វិទ្យាល័យ ជា ស៊ីម សន្ធរមុខ ខណ្ឌទួលគោក រាជធានីភ្នំពេញ
៥. វិទ្យាល័យ សំរោងពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ
៦. វិទ្យាល័យ ហ៊ុន សែន ១មិថុនា ស្រុកបាទី ខេត្តតាកែវ
៧. វិទ្យាល័យ ព្រះបិតាជាតិ ស្រុកកំពង់ត្រាច ខេត្តកំពត។
គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការលើវិស័យអប់រំរវាងភាគីកម្ពុជា-កូរ៉េ ត្រូវបានចាប់ផ្ដើមជាមួយគ្នាអស់រយៈពេល១៦ឆ្នាំ គិតត្រឹមឆ្នាំ ២០២១នេះ យោងតាមអនុស្សរណៈកិច្ចសហប្រតិបត្តិការដែលបានធ្វើឡើងក្នុងគោលបំណងចំនួន០៣ រួមមាន៖
១.ការលើកកម្ពស់សមត្ថភាពមន្ត្រីជំនាញ និងគ្រូបង្រៀនកម្ពុជា នៅកម្រិតមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ឱ្យមានចំណេះដឹងលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានក្នុងការស្រាវជ្រាវរៀន និងបង្រៀន-រៀន
២. ការបត្ថម្ភនូវបរិក្ខារបច្ចេកទេសផ្នែកព័ត៌មានវិទ្យា និងសម្ភារៈបច្ចេកទេសចាំបាច់នានា ដើម្បីផ្តល់លទ្ធភាព គ្រប់គ្រាន់ដល់អង្គភាពជំនាញ និងសាលារៀនអាចអនុវត្តនូវការអប់រំបានដោយគុណភាព និង ប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន
៣.ការផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍រវាងគ្នាទៅវិញទៅមក ដើម្បីពង្រឹងចំណងកិច្ចសហប្រតិបត្តិការនៃភាគី ទាំងពីរ កម្ពុជា-កូរ៉េ៕
ដោយ, សិលា