ខេត្តព្រៃវែង៖ លោក ទូច វណ្ណៈ ប្រធានក្រុមការងារ ស.ស.យ.ក. ចុះជួយស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុក ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃសៅរ៍ទី០៧ ខែសីហា ឆ្នាំ២០២១នេះ បាននាំយកថវិកាប្រចាំខែរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ សម្រាប់ខែសីហា ប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង សម្រាប់ផ្គត់ផ្គង់ការសិក្សា ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ស សុខា បានបញ្ជាក់បន្ថែមទៀតថា៖ “ដូចដែលបានសន្យា ខ្ញុំ និងក្រុមគ្រួសារ នឹងបន្តជួយឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ក្នុង ១ខែ ជារៀងរាល់ខែ ដល់ក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន រហូតដល់រៀនចប់ថ្នាក់ទី១២”។
គួរបញ្ជាក់ថា សម្រាប់ខែសីហានេះ ជាខែទី៤៥ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែរបស់លោក ស សុខានិងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ ក្នុង ១ខែ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ទៅប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូនខាងលើ ។
ជាចុងក្រោយ លោក សូមលើកទឹកចិត្តដល់ក្មួយស្រីទាំងពីរនាក់បងប្អូន បន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យកាន់តែពូកែ ដើម្បីអនាគតដ៏ត្រចះត្រង់ នាពេលខាងមុខ៕
ដោយ៖សហការី