លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ , សេចក្តីប្រកាសព័ត៌មាន អំពីលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ (ZOOM)។
នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បាន បើកកិច្ចប្រជុំរបស់ខ្លួនដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្តរបស់ខ្លួន ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងវត្តមានសមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកាអង្គប្រជុំ សរុបប្រមាណ ២០០ នាក់។ ផ្តើមបើកកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែង អំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបដែលបានយកអស់កម្លាំង កាយចិត្តចូលរួមធ្វើសកម្មភាពដើម្បីជាប្រយោជន៍ដល់សង្គមជាតិ និងប្រជាជន។ ជាពិសេសនៅក្នុងដំណាក់កាល នៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ កម្លាំងស្ម័គ្រចិត្តរបស់ ស.ស.យ.ក. បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុង យុទ្ធនាការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ដោយចូលរួមជាមួយរាជរដ្ឋាភិបាល អាជ្ញាធរ ដែនដី ក្រុមគ្រូពេទ្យ ក្នុងការបញ្ជ្រាបការយល់ដឹងពីគក្រោះថ្នាក់នៃជំងឺកូវីដ ១៩ ដល់ប្រជាពលរដ្ឋកម្ពុជា ការចូលរួម សម្របសម្រួលចាក់វ៉ាក់សាំង និងការព្យាបាលជំងឺកូវីដ ១៩ផងដែរ។

នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់គណៈកម្មាធិការកណ្តាលសហភាព សហព័ន្ធយុវជនកម្ពុជា បានបង្ហាញឱ្យឃើញថា៖ លើការងារពង្រឹង និងពង្រីកអង្គការចាត់តាំង ស.ស.យ.ក. សម្រេចបានការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនដល់ថ្នាក់មូលដ្ឋានដោយ ថ្នាក់ក្រុង ស្រុក ខណ្ឌ សម្រេចបាន ១០០% និងថ្នាក់ឃុំ សង្កាត់ បាន ៨៥,១៨%។ ដោយឡែកសមាជិក សមាជិកា ទូទាំងប្រទេសមានចំនួនប្រមាណ ១៨ ម៉ឺននាក់។ គួរបញ្ជាក់ផងដែរថា ក្នុងក្របខ័ណ្ឌនៃការពង្រឹងអង្គការចាត់តាំងរបស់ ស.ស.យ.ក. នេះ គណៈប្រតិភូ នៃគណៈកកម្មាធិការកណ្តាល ដែលដឹកនាំផ្ទាល់ដោយលោក ហ៊ុន ម៉ានី បានចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា ស.ស.យ.ក. នៅរចនាសម្ព័ន្ធទូទាំងប្រទេស ដោយបានបញ្ចប់គ្រប់២៥ រាជធានី ខេត្ត ត្រឹម បំណាច់ឆ្នាំ២០១៩កន្លងទៅនេះ។
ក្នុងឆ្នាំកន្លងទៅ ស.ស.យ.ក. សម្រេចបានសមិទ្ធផលធំជាច្រើនលើការលើកតម្កើនវប្បធម៌ និងសាសនា ការជំរុញការស្វែងយល់ពីប្រវត្តិសាស្ត្រ ការចូលរួមក្នុងវិស័យអប់រំ កីឡា ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌ នានាជាច្រើនដែលសកម្មភាពទាំងអស់បានទទួលបានការគាំទ្រ និងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំប្រទេស ស្ថាប័នជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅផងដែរ។ ជាមួយគ្នានោះផងដែរ ស.ស.យ.ក. ក៏បានបន្តដើរតួនាទី ក្នុងការពង្រឹងចំណងសាមគ្គីភាពជាមួយស្ថាប័នជាតិ និងអន្តរជាតិដើម្បីស្វែងរកឱកាសបន្ថែមដល់យុវជនកម្ពុជា ក្នុងការចូលរួមដោយស្មើមុខស្មើមាត់លើឆាកអន្តរជាតិ និងឱកាសទទួលការបណ្តុះបណ្តាល និងការងារតាមរយៈ កិច្ចសហប្រតិបត្តិការរវាង សសយក និងបណ្តាស្ថានទូត អង្គការយុវជនបរទេស និងក្រុមហ៊ុនជាដើម។ សមិទ្ធផល ដែលសម្រេចបានកន្លងទៅនេះ មិនអាចសម្រេចបាននោះទេប្រសិនបើគ្មានការចូលរួម និងខិតខំប្រឹងប្រែងពី សមាជិក សមាជិកាគ្រប់រចនាសម្ព័ន្ធនៅទូទាំងប្រទេសដែលបានចំណាយកម្លាំងប្រាជ្ញាស្មារតី កម្លាំងកាយ ចិត្ត ផ្តួចផ្តើម ដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីទាំងអស់នោះដោយទឹកចិត្ត ឆន្ទៈមោះមុត ជាពិសេសដោយឈរ លើបុព្វហេតុរួមមួយគឺដើម្បីជាតិ មាតុភូមិ។

ដោយឡែក ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ សហភាពសហព័ន្ធយុវជនកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងជាមួយរាជរដ្ឋាភិបាលដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ។ នៅតាមមូលដ្ឋានគ្រប់ច្រកល្ហក គេសង្កេតឃើញវត្តមានយុវជន របស់ សស.យ.កបានបំពេញបេសកកម្មយ៉ាងមមារញឹក ក្នុងការងារផ្សព្វផ្សាយ ដោយចូលរួមជាមួយអាជ្ញាធរ មូលដ្ឋាន ដើម្បីបញ្ជ្រាបការយលដឹងដល់ស្រទាប់មហាជនអំពីការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ តាម មធ្យោបាយផ្សេងៗ ដូចជាការចែកខិតបណ្ណ ចងបដា ការចាក់បញ្ចាំងវីដេអូខ្លី និងសារអប់រំជាសំលេងជាដើម។ យុវជន ស.ស.យ.ក. ចុះធ្វើសកម្មភាពរហូតដល់ភូមិសាស្ត្រតំបន់ដាច់ស្រយ៉ាលនានា ដើម្បីបញ្ជ្រាបការយល់ដឹង បន្ថែមដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅទីនោះ ក៏ដូចជាបង្កើនការប្រុងប្រយ័ត្ននៅក្នុងការរស់នៅទ្វេដង។ ជាមួយគ្នានោះផងដែរ ក្រុមគ្រូពេទ្យរបស់ស.ស.យ.ក. ចំនួន២ក្រុមគឺ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខ័ណ្ឌទូទាំង ប្រទេស ដោយក្នុងនោះក្រុមគ្រូពេទ្យទាំង២ បាន និងកំពុងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ៦២៦ ២៥២ នាក់ (៣៣៦ ៣៥៨ នាក់ សម្រាប់ដូសទី២) ដោយប្រើប្រាស់កម្លាំងគ្រូពេទ្យស្ម័គ្រចិត្តសរុប ជាង ៣ពាន់ នាក់។ ក្នុងនោះ សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តារាជធានី ខេត្ត ប្រមាណ ៦ពាន់ នាក់ ក៏បាន ចូលរួមជួយសម្របសម្រួលនៅតាមទីតាំងចាក់វ៉ាក់សាំងនានាផងដែរ។ ម្យ៉ាងវិញទៀត សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក.ក៏បានចូលរួមក្នុងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ ១៩ផងដែរនៅមណ្ឌលព្យាបាលសែនសុខ១ ដោយបានទទួល អ្នកជំងឺចូលសម្រាកព្យាបាលជាង ៧ពាន់ នាក់ និងបានជាសះស្បើយជាង៦ពាន់នាក់ផងដែរ។

មានមតិបូកសរុបទៅកាន់អង្គប្រជុំ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណសារជាថ្មីដល់កិច្ចខិតខំ ប្រឹងប្រែងកន្លងមករបស់សមាជិក សមាជិកាគ្រប់រូបក្នុងសកម្មភាពនានារបស់ ស.ស.យ.ក. ដែលការលះបង់ទាំង នេះស្តែងចេញឱ្យឃើញពីទឹកចិត្ត ឆន្ទៈ ស្មារតី និងការតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។ សមិទ្ធផលរបស់សស.យកដែលសម្រេចបាន មិនត្រឹមតែបានបង្កើតជាការសាទរពីមហាជន និងយុវជនក្នុងស្រុក ប៉ុណ្ណោះទេ ថែមទាំងទទួលបានការទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិផងដែរ។

សម្រាប់ទិសដៅបន្ត ប្រធានស្ថាប័នយុវជនធំជាងគេនៅកម្ពុជារូបនេះបានផ្តាំផ្ញើដល់ក្បាលម៉ាស៊ីនដឹកនាំ ទាំងអស់នូវចំណុចគន្លឹះមួយចំនួនដើម្បីយកពិចារណា និងកែច្នៃយកទៅអនុវត្តលើការងារមួយចំនួនដូចជា ការ ពង្រឹងទំនាក់ទំនងការងារជាមួយថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព សង្គតភាពការងារ បន្ត ពង្រឹង និងពង្រីកសមាជិកភាពដោយផ្តោតទាំងលើគុណភាព និងបរិមាណ ក៏ដូចជាតាមដានវឌ្ឍនភាពការងារ របស់ខ្លួនជាប្រចាំ ជាពិសេសក្ដាប់ឱ្យបានស្ថានភាពរបស់សមាជិក សមាជិកានៅមូលដ្ឋាន ដែលអាចជួបប្រទះការ លំបាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ដើម្បីស្វែងរកលទ្ធភាពជួយសម្រាលទុក្ខធុរៈ។ ដោយឡែក លោកក៏បានផ្តាំផ្ញើឱ្យសមាជិក សមាជិកាទាំងអស់បន្តចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ ១៩ និងត្រូវយក ចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពក្រុមការងារ។ ការត្រៀមលក្ខណៈពីចម្ងាយសម្រាប់ការងារសង្កេតការណ៍នៃដំណើរ ការបោះឆ្នោត ក៏ត្រូវបានលើកឡើងក្នុងមតិសរុបនេះផងដែរ។ ចុងបញ្ចប់ ស្ថិតក្នុងបរិបទនៃជំងឺកូវីដ ១៩ លោក ហ៊ុន ម៉ានី បានផ្តាំផ្ញើដល់សមាជិក សមាជិកទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតដោយត្រូវគោរពអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវវិធានសុវត្ថិភាព និងវិធានការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រាល់ពេលចុះបំពេញភារកិច្ចរបស់ខ្លួន។

កិច្ចប្រជុំត្រូវបានបញ្ចប់នៅក្នុងវេលាព្រឹកថ្ងៃដដែល ប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងក្រោម បរិយាកាសរីករាយស្និទស្នាលបំផុត បើទោះបីជាស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកវីដ ១៩ បានតម្រូវឱ្យ សមាជិក សមាជិកាត្រូវប្រជុំពីទីតាំងរៀងៗខ្លួនយ៉ាងណាក្តី៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print