ភ្នំពេញ, សូមជម្រាបជូនថា, នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានបង្ហោះនូវរូប១សន្លឹកពីអតីតកាលអនុស្សាវរីយ៍ ដែលសម្ដេចមិនចាំ និងមិនទាន់ដឹងថានៅទីណា , ហើយនៅឆ្នាំណា ?
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា,
ប៉ុន្មានថ្ងៃមកនេះ ខ្ញុំទទួលបានរូបថតរបស់ខ្ញុំមួយសន្លឹក តែខ្ញុំមិនច្បាស់ថារូបថតនេះថតនៅឯណា និង ក្នុងឆ្នាំណា?
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានថ្លែងបន្តថា, ក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ខ្ញុំធ្វើដំណើរទៅតាមមូលដ្ឋានជាច្រើន តែខ្ញុំបែរជាមិនដែលបានឃើញរូបថតមួយសន្លឹកនេះទៅវិញ។
សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, ខ្ញុំសូមបងប្អូនដែលបានថតរូបនេះឬបានដឹងអំពីរូបថតនេះ សូមជួយប្រាប់ខ្ញុំតាមរយៈចូលមករ៉ាយរ៉ាប់ក្នុងហ្វេសប៊ុកនេះតែម្តង។
សម្តេចតេជោ ហ៊ុនសែន ក៏ថ្លែងយ៉ាងខ្លីថា ខ្ញុំសូមអរគុណទុកជាមុន។
ទីបំផុត! នៅព្រលប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថា , រូបថតនោះ សម្តេចតេជោ ហ៊ុន សែន បានថតនៅចុងសប្តាហ៍ទី ២ ខែមករា ឆ្នាំ១៩៨៧ សម្តេចតេជោ បានចុះសួរសុខទុក្ខប្រជាជន, កម្មាភិបាល, បុគ្គលិក, កម្មករក្នុង
ខេត្តកំពង់ឆ្នាំង ។
រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបន្តថា, ក្នុងឱកាសនេះ សម្តេចតេជោ បានអញ្ជើញទៅពិនិត្យមណ្ឌលពាណិជ្ជកម្មប្រមូលទិញស្រូវឃុំពង្រ , ឃុំស្វាយជ្រុំ ក្នុងស្រុកបរិបូណ៌ ; រោងសិប្បកម្មពាង,សិប្បកម្មឆ្នាំង, ក្អម ; ទស្សនាព្រលានយន្តហោះ ; ពិនិត្យកន្លែងនេសាទត្រី ; ទស្សនាពិព័រណ៍ដែលជាស្នាដៃរបស់ប្អូន ៗ សិស្សសាលាទូទាំងខេត្ត ; ពិនិត្យឃ្លាំងស្បៀង ; ចុះសួរសុខទុក្ខនិងពិនិត្យកន្លែងរស់នៅរបស់កុមារកំព្រាខេត្តកំពង់ឆ្នាំង ; ចូលរួមសំណេះសំណាលនិងផ្តល់មតិសំខាន់ៗ ដល់សន្និបាតបូកសរុបការងារអនុវត្តផែនការឆ្នាំ១៩៨៦ និងទិសដៅអនុវត្តឆ្នាំ១៩៨៧ របស់ខេត្តកំពង់ឆ្នាំង ៕
ដោយ, សិលា