ភ្នំពេញ ៖ ជនសង្ស័យជាស្រ្តី២នាក់ ត្រូវបានសមត្ថកិច្ចខណ្ឌចំការមន ធ្វើការបង្ត្រាបបទល្មើសគ្រឿងញៀនបានឃាត់ខ្លួនភ្លាមៗបន្ទាប់ពីត្រួតពិនិត្យឃើញវត្ថុតាងក្រាមសថ្លា សង្ស័យគ្រឿងញៀនមានចំនួន ១កញ្ចប់ធំល្មមនិង៤២កញ្ចប់ថង់តូច កាលវេលាម៉ោង៥និង៤០នាទីទៀបភ្លឺ ឈានថ្ងៃទី០៨ ខែ សីហា ឆ្នាំ ២០២១ នៅចំនុចខាងក្រោយក្រុមហ៊ុនទូរស័ព្ទ០១៣ តាមផ្លូវព្រះមុនីវង្ស ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ឈ្មោះ យ៉េន សុខេន ហៅ ចាន់ ធី ភេទស្រី អាយុ ៥៧ឆ្នាំ មុខរបរ បោកខោអាវ ទី២ឈ្មោះ ហូ ចិន្តា ហៅ ថុំ ភេទស្រី អាយុ ២៨ឆ្នាំ មុខរបរគ្មាន ទាំង២នាក់ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ក្រុម៣២ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
តាមសម្ដី លោកវរសេនីយ៍ទោ ផន អូន អធិការរងទទួលផែនប្រឆាំងគ្រឿងញៀនខណ្ឌចំការមន បានអោយដឹងថាមុនកើតហេតុបានដឹកនាំកម្លាំងប៉ុស្តិ៍និងផ្នែកជំនាញដើម្បីល្បាតក្នុងភូមិសាស្រ្តជាពិសេសតំបន់ស្មុគស្មាញលួចជក់ប្រើប្រាស់គ្រឿងញៀនលុះមកដល់ចំណុចកើតហេតុខសងលើប្រទះឃើញស្រ្តី២នាក់មានការសង្ស័យម៉ោងទៀបភ្លឺហើយមិនដេកពួននេះកំពុងអង្គុយក្បែរគ្នាមុខផ្ទះជួលគ្មានលេខ ហើយក៏ធ្វើការត្រួតពិនិត្យឃើញមានវត្ថុតាង ក្រាមសថ្លា សង្ស័យជាគ្រឿងញៀន ១កញ្ចប់ធំល្មមនៅក្នុងហោប៉ៅអាវខាងឆ្វេង និង ៤២កញ្ចប់ទៀតនៅក្នុងឆ្នាំងដី ក្បែរជើងខាងស្តាំរបស់ជនសង្ស័យជាស្រ្តីឈ្មោះ យ៉េន សុខេន ហៅ ចាន់ ធី ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួននាំមកប៉ុស្តិ៍ផ្សារដើមថ្កូវដើម្បីធ្វើការសាកសួរបន្តទៀត។
សមត្ថកិច្ចបន្តទៀតថានៅមុខសមត្ថកិច្ចជនសង្ស័យជាស្ត្រីឈ្មោះ យ៉េន សុខេនក្រាមសថ្លាសង្ស័យជាថ្នាំញៀននេះពិតជារបស់ខ្លួនពិតប្រាកដមែន បន្ទាប់ពីធ្វើការសាកសួររួច ជនសង្ស័យជាស្ត្រីទាំង២នាក់នេះត្រូវបានសមត្ថកិច្ចបញ្ជូលទៅអធិការដ្ឋានខណ្ឌចំការមនបណ្ដោះអាសន្នដើម្បីចាប់ការតាមនីតិវិធីច្បាប់ ៕
ដោយ៖ ជីណា