មន្ត្រីទីក្រុងវូហានបានប្រកាសឱ្យដឹងថា គ្រូពេទ្យនៃទីក្រុងនេះបានបញ្ចប់ការធ្វើតេស្តទៅលើពលរដ្ឋដែលមានជាង១១លាននាក់ ក្រោយរយៈពេលតែ៥ថ្ងៃនៃយុទ្ធនាការធ្វើតេស្តដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩បំប្លែងខ្លួនថ្មី។ សារព័ត៌មានស៊ីនហួបានដកស្រង់សម្តីលោក Li Tao មន្ត្រីជាន់ខ្ពស់នៅទីក្រុងវូហានដែលបានឱ្យដឹងថាយុទ្ធនាការធ្វើតេស្តទូទាំងទីក្រុងវូហានបានចាប់ផ្តើមឡើងនៅថ្ងៃទី៣ខែសីហា លើកលែងតែកុមារមានអាយុចាប់ពី៦ឆ្នាំចុះក្រោម ។ ទីក្រុងវូហានបានរកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មីចំនួន៣៧នាក់ និង៤១នាក់ផ្សេងទៀតមិនមានអាការនោះឡើយក្នុងពេលធ្វើតេស្ត។ ការធ្វើតេស្តជាទ្រង់ទ្រាយធំ គឺក្រោយពេលរកឃើញមានករណីឆ្លងនៅក្នុងសហគមន៍ជាថ្មីនៅថ្ងៃទី២ខែសីហា ក្រោយរយៈពេលជាង១ឆ្នាំមិនមានករណីឆ្លងកូវីដ-១៩។ ក្រុមគ្រូពេទ្យ ប្រមាណ២៨ពាន់នាក់ បានទៅយកសំណាកធ្វើតេស្តរកកូវីដ-១៩នៅទីតាំងចំនួន២៨០០កន្លែងនៅទូទាំងទីក្រុង ។ លោក Chen Xiaoping មជ្ឈមណ្ឌលវិទ្យាសាស្ត្រចិន បានឱ្យដឹងថា ការផ្ទុះកូវីដ-១៩នៅទីក្រុងវូហានលើកនេះ មិនទាន់រាលដាលទ្រង់ទ្រាយធំនៅឡើយទេ ទើបការឆ្លងស្ថិតនៅក្នុងការគ្រប់គ្រង ។ ការផ្ទុះកូវីដ-១៩ថ្មីនៅក្នុងប្រទេសចិនដំបូង កើតឡើងនៅអាកាសយានដ្ឋានទីក្រុងណានជីង នាថ្ងៃទី២០ ខែកក្កដា ហើយរាលដាលទៅកាន់តំបន់ជាច្រើនក្នុងប្រទេសនេះ។ កាលពីថ្ងៃទី ៨ខែសីហា ចិនរកឃើញករណីឆ្លងកូវីដ-១៩ សរុប៨១នាក់នៅទូទាំងប្រទេស ធ្វើឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ទៅ ៩៣.៧០១នាក់នៅទូទាំងប្រទេស៕ដោយ៖ធីរីណា
រូបថត៖Tân Hoa xã.