ខេត្តត្បូងឃ្មុំ៖ លោក កេង ប៊ុនណា អភិបាលរងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកជីជូនដល់ប្រជាកសិករបណ្តុំអាជីវកម្មស្រូវ ស្ថិតក្រោមគម្រោងAspire របស់រាជរដ្ឋាភិបាល និងបន្តចុះពិនិត្យមើលការព្យាបាលជំងឺគោពកស្បែក ការបាញ់ថ្នាំសម្លាប់មេរោគ ស្ថិតនៅក្នុងឃុំគរ ស្រុកត្បូងឃ្មុំ។
ក្នុងឱកាសនោះដែរ ដោយមានការចូលរួមពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរពាណិជ្ជកម្មខេត្ត និងលោកអភិបាលស្រុកត្បូងឃ្មុំ ។
គួរជម្រាបថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កន្លងទៅធ្លាប់បានទទួលស្គាល់ថា ពិតជាមានជំងឺដុំពកលើស្បែកឆ្លងដល់គោកសិករនៅតាមបណ្តាខេត្តមួយចំនួនពិតមែន ប៉ុន្តែលោកថា ពុំមានការរាលដាលធំដុំនោះទេ។ លោកថា មន្ត្រីជំនាញរបស់ក្រសួងបានចុះព្យាបាលជំងឺជាបណ្តើរៗហើយ។
លោកបន្ថែមថា៖ «យើងបានព្យាបាលជាជំងឺជាបណ្តើរៗហើយ ពុំមានការរាលដាលជាធំដុំទេ ដោយយើងមានវិធានការទាន់ពេលវេលា។ កន្លងមក មានកើតនៅខេត្តខាងលើហ្នឹងមែន ហើយក៏បានរាលដល់ខេត្តប៉ៃលិនចំនួនពីរបីក្បាលដែរ ប៉ុន្តែមិនមានបញ្ហាទេ»។
គួរបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងដែរថា កាលពីខែឧសភាកន្លងទៅ សត្វគោក្របីដែលកើតជំងឺដុំពកស្បែកនេះ វាអាចមានអត្រាឈឺពី៥ទៅ៤៥ភាគរយ និងអត្រាស្លាប់តិចជាង១០ភាគរយ ដែលបង្កឱ្យខាតបង់ធ្ងន់ធ្ងរដល់គ្រួសារកសិករនិងសេដ្ឋកិច្ចជាតិ។ ចំពោះជំងឺនេះ មានរោគសញ្ញាដូចជា៖ ដុំពកតូចៗឬធំទៅតាមស្ថានភាពនៃជំងឺ ដែលគេរកឃើញលើស្បែកតាមដងខ្លួន កញ្ចឹងក ច្រមុះ ក្រអូមមាត់ ប្រដាប់ភេទ និងកន្សោមដោះរបស់សត្វគោក្របី ហើយកម្ដៅខ្លួនវាឡើងរហូតដល់៤១អង្សាសេ។
បន្ថែមពីនេះ ក្រសួងកសិកម្ម បានគូសបញ្ជាក់ថា មេរោគនេះអាចឆ្លងពីសត្វមួយទៅសត្វមួយតាមរយៈការប៉ះពាល់ផ្ទាល់និងប្រយោល តាមភ្នាក់ងារចម្លងរោគដូចជា រុយ មូស ដង្កែ និងសត្វបឺតជញ្ជក់ឈាមផ្សេងទៀត ឬតាមធ្យោបាយដឹកជញ្ជូនសត្វ ទឹកមេជីវិត រួមទាំងភ្នាក់ងារចម្លងផ្សេងៗទៀត៕
ដោយ៖សហការី