ខ្មាន់កាំភ្លើងក្រុមតាលីបង់ បានបាញ់សម្លាប់លោក Toofan Omar ប្រធានវិទ្យុ Paktia Ghag ក្នុងទីក្រុងកាប៊ុល និងជាសមាជិក គាំទ្រសេរីភាពសារព័ត៌មានឯករាជ NAI នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ សារព័ត៌មានរ៉យទ័របានដកស្រង់សំដីមន្ត្រីក្នុងតំបន់បានឲ្យដឹងនៅថ្ងៃទី៩ខែសីហាថាខ្មាន់កាំភ្លើង បានសម្លាប់ប្រធានវិទ្យុនិង ចាប់ខ្លួនអ្នកសារព័ត៌មានម្នាក់នៅក្នុងខេត្ត Helmand ស្ថិតនៅភាគខាងត្បូងប្រទេសនេះ។ ជាមួយគ្នានេះដែរ ការវាយប្រហារគ្នារវាង កម្លាំងទាហានរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ បានសម្លាប់ខ្មាន់កាំភ្លើងតាលីបង់ ជាច្រើននាក់។ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន នាថ្ងៃចន្ទនេះបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងហោច ២០នាក់ ត្រូវបានសម្លាប់ និង៨នាក់បានរងរបួស ក្រោយប៉ះទង្គិចគ្នាជាមួយកងទ័ពរដ្ឋាភិបាល ពេលពួកគេបើកការវាយប្រហារលើទីក្រុង Aybak ដែលជាទីក្រុងធំរបស់ខេត្ត Samangan នៅភាគខាងជើង កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។
បើតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បាននាំគ្នាដកថយទៅវិញ បន្ទាប់បានបាត់បង់កម្លាំងបែបនេះ។ ពួកគេបានសម្រុកចូលទីក្រុង Aybak ពីទិសដៅផ្សេងៗគ្នា ដើម្បីព្យាយាមដណ្តើមកាន់កាប់ទីក្រុងនេះថែមទៀត។ ក្នុងថ្ងៃអាទិត្យដដែលនោះ ក្រុមតាលីបង់ បានវាយដណ្តើមយកបានទីក្រុងធំៗចំនួន៣ ដោយគិតតាំងពីថ្ងៃសុក្រសប្តាហ៍មុនមក គឺទីក្រុងសំខាន់ៗសរុបចំនួន៥ បានធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់។
ខេត្ត ក្រុងជាច្រើន រួមទាំងប្រមាណជាពាក់កណ្តាលនៃខេត្តទាំង៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក រវាងក្រុមតាលីបង់ និងយោធាអាហ្វហ្គានីស្ថាន៕ ដោយ៖ធីរីណា