ភ្នំពេញ, សម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍ថា,សូមកងទ័ពអាវស ក៏ដូចជាពេទ្យយោធារបស់យើង ដែលទទួលភារៈកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋ អនុវត្តឱ្យបានម៉ឺងម៉ាត់ជាទីបំផុតនូវវិធានការ “៣ការពារ ៣កុំ” ដោយហេតុថា មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) បានឆ្លងចូលក្នុងសហគមន៍របស់យើងហើយ។
សម្តេចបានលើកឡើងថា, មេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ដែលមានសមត្ថភាពចម្លងរហ័សជាងមុន បានឆ្លងចូលក្នុងសហគមន៍របស់យើងហើយ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ “៣ការពារ ៣កុំ”។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងថ្មី ៤៩៩នាក់ទៀត ជាសះស្បើយ ៨៨៣នាក់ និងស្លាប់ ១៧នាក់៖
– ករណីឆ្លងសហគមន៍ ៣៧៥នាក់
– អ្នកដំណើរពីបរទេស ១២៥នាក់
គិតត្រឹមព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 82,898 នាក់
– អ្នកជាសះស្បើយ= 77,037 នាក់
– អ្នកស្លាប់= 1,602 នាក់ ។
សម្តេចពិជ័យសេនា សូមកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះមិត្តចិន ដែលបាននិងកំពុងជួយកម្ពុជា ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈជំនួយសុខាភិបាលនានា ជាពិសេស ការផ្គត់ផ្គង់វ៉ាក់សាំងបានគ្រប់គ្រាន់និងទាន់ពេលវេលា ទោះបីជា មិត្តចិនមិនទាន់បានបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនក៏ដោយ៕
ដោយ, សិលា