ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានសំលេងមនុស្សស្រែកឲ្យជួយ ខណៈដែលផ្ទះលក់គ្រឿងបន្លាសរថយន្ត នៅក្បែរមន្ទីរពេទ្យកាលម៉ែតជាប់និងប្រេងឥន្ធនៈកាលតិច ដោយសារតែឆ្លងចរន្តអគ្គីសនី ទើបបង្កឲ្យឆាប់ឆេះ ធ្វើឲ្យម្ចាស់ផ្ទះដែលកំពុងតែដេកលង់លក់ដឹងខ្លួនឡើង ភ័យនាំគ្នារត់ចែកជើងគ្នា តែសំណាងល្អត្រូវកម្លាំងនគរបាលខណ្ឌដូនពេញសហការជាមួយនគរបាលការិយាល័យពន្លត់អគ្គីភ័យជួយអន្តរគមន៍ទាន់ពេលវេលា ហើយមិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ តែខូចខាតទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារអាមេរិក ។
ករណីអគ្គីភ័យនេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចតូបលក់គ្រឿងរថយន្តជាប់ស្ថានីយប្រេងឥន្ធនៈកាលតិច តាមផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ម្ចាស់តូបឈ្មោះទេព សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅតូបកើតហេតុខាងលើ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង៥ទៀបភ្លឺគេឃើញមានផ្សែងហ៊ុយចេញពីក្នុងតូបលក់គ្រឿងបន្លាសរថយន្ត ខាងលើនេះ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់តូប និងប្រជាពលរដ្ឋដែលកំពុងតែដេកលង់លក់នៅក្នុងតូបនោះ ដោយនាំគ្នាស្រែកឆោឡោឲ្យគេជួយ។ បន្ទាប់មកគេឃើញប្រជាពលរដ្ឋដែលរស់ នៅក្បែរនោះបាននាំគ្នាជួយអន្តរាគមន៍យកបំពង់ពន្លត់មកបាញ់ទប់ស្កាត់ ហើយកម្លាំងនគរបាលខណ្ឌដូនពេញនិងនគរបាលពន្លត់អគ្គីភ័យចុះមកបាញ់ដោយប្រើរថយន្តពន្លត់អគ្គីភ័យអស់ចំនួន៩គ្រឿង បាញ់ទឹកអស់ទាំង៩ឡាន ទើបរលត់ទៅវិញនៅវេលាម៉ោង៦ព្រឹកថ្ងៃដដែរ ។
ក្រោយកើតហេតុយោងតាមការសនិ្នដ្ឋានរបស់សមត្ថកិច្ចនគរបាលពន្លត់អគ្គីភ័យបានឲ្យដឹងថា មូលហេតុនៃការឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គីសនីហើយទ្រព្យសម្បត្តិដែលខូចខាតគិតជាប្រាក់ជាង៣ពាន់ដុល្លារអាមេរិក ៕
ដោយ៖ ស ដារ៉ា