ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាល និងកងអាវុធហត្ថខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់សហការគ្នាបើកយុទ្ធាការបង្រ្កាបមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀន ឃាតខ្លួនបាន៣នាក់រួមទាំងវត្ថុតាងនិងសម្ភារៈ។
ប្រតិបត្តិការបង្រ្កាបមុខសញ្ញាជួញដូរសារធាតុញៀនខាងលើនេះប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្នុងកិច្ចប្រតិបត្តិការសហការគ្នានេះដែរលោក វរៈសេនីយ៍ត្រី ឯម រុន អធិការនគរបាលស្រុកក្រគរប្រាប់ថា ក្នុងនោះកម្លាំងធ្វើការលោមព័ទទីតាំងមួយកន្លែងនៅចំណុចខាងលើដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមទាំងវត្ថុតាងនិងដកហូតសម្ភារៈមួយចំនួនផងដែរ។
លោកវរៈសេនីយ៍ត្រីបន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើទី១-ឈ្មោះប៊ុន សម្ភស្ស (ហៅម៉ៅ) ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ-ឃុំឆ្នុកទ្រូស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។ ទី២-ឈ្មោះ សុះ ស៊ីឌី ភេទប្រុស អាយុ៣៣ឆ្នាំ ខ្មែរឥស្លាម ស្នាក់នៅភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងទី៣-ឈ្មោះ ឆន សួរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
លោកអធិការបន្តទៀតថា លទ្ធផលក្នុងកិច្ចប្រតិបត្តិការបង្រ្កាបវត្ថុតាងនិងសម្ភារៈរួមមានជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១គ្រឿង, ថង់ផ្លាស់ស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ប្រាក់បាតចំនួន១សន្លឹកស្មើរ ១០០បាត, ប្រាក់រៀលចំនួន៩២៧០០(ប្រាំបួនម៉ឺនពីរពាន់ប្រាំពីររយ), ដែកកេះចំនួន៤, អត្តសញ្ញាណប័ណ្ណចំនួន១សន្លឹក, រូបថតចំនួន៨សន្លឹក, ទូរស័ព្ទចំនួន៤គ្រឿង, ម៉ូតូចំនួន៣គ្រឿងនិងឧបករណ៏ប្រើប្រាស់សារធាតុញៀនមួយចំនួនផងដែរ។លោកបញ្ជាក់ទៀតថាចំពោះករណីនេះទាំងជនសង្ស័យទាំងវត្ថុតាងកម្លាំងបានបំពេញសំណុំបែបបទបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តតាមនិតិវិធី៕
ដោយ៖ ប៉ឹម ពិន