ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូហុងដាស្កូបពី ក្នុងល្បឿនលឿនហើយស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោកជាំបានជ្រុលទៅបុកគូទរថយន្ដកាមរីឆ្លាមពីក្រោយពេញទំហឹងបណ្ដាលឲ្យរងបួសធ្ងន់ដោយខ្លួនឯង។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២០ និង៥០នាទីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ២១៧ ស្ថិត ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាកស្កូបពី ពណ៍ស ពាក់ស្លាកលេខភ្នំពេញ1AR-1500 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២១៧ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកគូទរថយន្ដកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2D- 2441 ដែលកំពុងចតស្ងាមចំពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលរងរបួសបែកក្បាល ចំណែករថយន្ដនិងម៉ូតូរងការខូចខាត។
ក្រោយពេលកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅក្រុមគ្រួសារដើម្បីឲ្យមកដោះស្រាយជាមួយម្ចាស់រថយន្ដ។ ក្រោយមកដោយភាគីខាងម៉ូតូមិនចង់មានរឿងវែងឆ្ងាយទើបព្រមសង់ថ្លៃការខូចខាតទៅឲ្យខាងរថយន្ដចំនួន៥មឺុនដើម្បីបញ្ចប់រឿងតែម្ដង៕
ដោយ៖ ជីម ភារ៉ា ដង្កោ