Breaking News, រដ្ឋបាលរាជធានីភ្នំពេញ បន្តបម្រាមគោចរ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ !

ចែករំលែក៖

ភ្នំពេញ, សេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចរ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលរាជធានីភ្នំពេញសម្រេច :
ប្រការ១ …ត្រូវបានដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន និងបម្រាមគោចររាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ប្រការ២ …ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ
មុខរបរ ឬ អាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ដូចខាងក្រោម៖
– សាលារៀន រួមទាំងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋ និងឯកជន ប៉ុន្តែ អាចធ្វើការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ
– អាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទ ជាអាទិ៍ ខារាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកាស៊ីណូ
– រមណីយដ្ឋាន សារមន្ទីរ សួនកុមារ និងសួនកម្សាន្តនានា

– អាជីវកម្មម៉ាស្សា សូណា និងស្ចឹមគ្រប់ប្រភេទ – ហាងលក់ និងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ

– រោងភាពយន្ត រោងសម្ដែងសិល្បៈ ក្លឹបហាត់ប្រាណ និងមជ្ឈមណ្ឌលកីឡាគ្រប់ប្រភេទ។

ប្រការ៣ …ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្ដោះអាសន្នការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស ជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី ១៥ (ដប់ប្រាំ) នាក់ សម្រាប់រយៈពេល ១៤ (ដប់បួន) ថ្ងៃ គិតចាប់ពីម៉ោង សូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ លើកលែងតែក្នុងករណី ដូចខាងក្រោម៖

– ការជួបជុំក្នុងចំណោមសមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬ ទីសំណាក់ជាមួយគ្នា

– ការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច និងក្រោយពេលយក សំណាកសាកសពទៅវិភាគរកមេរោគកូរីដ-១៩ ដោយទទួលបានលទ្ធផលអវិជ្ជមាន

– ការជួបជុំរបស់សា្ថប័នសាធារណៈ ការប្រមូលផ្តុំមនុស្ស និងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្ត វិធានការសុខាភិបាល ជាអាទិ៍
-ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីដ-១៩ និងការចាក់វាំក់សាំងការពារជំងឺកូវីដ-១៩
– ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀត

– ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
– ការជួបជុំមនុស្សក្នុងអំឡុងពេលនៃកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ ឬ របស់សាលាជម្រះក្ដី
– ការជួបជុំមនុស្សដែលមានភាពចាំបាច់សម្រាប់បម្រើផលប្រយោជន៍សាធារណៈ ក្នុងគោលបំណង ផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
-រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវបានហាមឃាត់។

ប្រការ៤ …ក្នុងអំឡុងពេលនៃការដាក់ចេញវិធានការរដ្ឋបាល ត្រូវបានអនុវត្តបម្រាមគោចរ ដោយផ្អាកជាបណ្តោះអាសន្ន នូវរាល់ការធ្វើចរាចរណ៍ និងរាល់សកម្មភាព ការងារ មុខរបរ ឬ អាជីវកម្ម នៅចន្លោះម៉ោង ២២ (ម្ភៃពីរ) ដល់ម៉ោង ៣ (បី) សម្រាប់រយៈពេល ៧(ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២១ លើកលែងតែក្នុងករណី ដូចខាងក្រោម,
– ការធ្វើដំណើររបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលមានសមត្ថកិច្ច ដោយភ្ជាប់ជាមួយនូវលិខិតបញ្ជាបេសកកម្ម
– ការធ្វើដំណើររបស់ជនបរទេសដែលជាមន្ត្រីការទូត មន្ត្រីបុគ្គលិកនៃស្ថានតំណាងបរទេស ទីភ្នាក់ងារអង្គការ សហប្រជាជាតិ និងដែលជាមន្ត្រីរបស់អង្គការហិរញ្ញវត្ថុអន្តរជាតិ ដោយមានភ្ជាប់ជាមួយ នូវឯកសារបញ្ជាក់ អំពីអត្តសញ្ញាណនិងការងារ និងអាចអមដោយអ្នកបើកបររថយន្តជាជនជាតិខ្មែរ
– ការធ្វើដំណើររបស់អ្នកសារព័ត៌មាន ដោយមានភ្ជាប់ជាមួយនូវឯកសារបញ្ជាក់អំពីអត្តសញ្ញាណនិងការងារ ព្រមទាំងមានលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរពីស្ថាប័ន ឬ អង្គភាពមាននីតិសម្បទា

– ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសទៅអាកាសយានដ្ឋាន ដោយត្រូវភ្ជាប់មកជាមួយនូវឯកសារ បញ្ជាក់អត្តសញ្ញាណ និងឯកសារពាក់ព័ន្ធនឹងការធ្វើដំណើរ។ ចំពោះការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវអាកាសចេញពីអាកាសយានដ្ឋាន ត្រូវអនុវត្តតាមវិធានផ្នែកសុខាភិបាលជាធរមាន
– ការធ្វើដំណើររបស់មន្ត្រី និងបុគ្គលិកផ្នែកប្រតិបត្តិការដែលបម្រើការងារនៅអាកាសយានដ្ឋាន ដោយត្រូវ ភ្ជាប់មកជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណ និងលិខិតបញ្ជាបេសកកម្ម ឬ លិខិតអនុញ្ញាតធ្វើដំណើរ
របស់សា្ថប័ន ឬ អង្គភាពសាមី
– ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ មូលហេតុបន្ទាន់ក្នុងគ្រួសារ ប៉ុន្តែ មិនឱ្យលើសពីសមាជិក ៤ នាក់
– ការធ្វើដំណើរដើម្បីត្រឡប់ទៅលំនៅឋាន ទីសំណាក់របស់ខ្លួនវិញរបស់បុគ្គលដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងអ្នកជំងឺចេញពីមន្ទីរពេទ្យ ឬ កន្លែងសម្រាកព្យាបាល
– ការដឹកជញ្ជូនទំនិញ-សម្ភារៈ និងគ្រឿងឧបភោគបរិភោគគ្រប់ប្រភេទ ប៉ុន្តែ មិនឱ្យលើសពីសមាជិក ២ នាក់ និងមិនត្រូវប្រមូលផ្តុំគ្នាឡើយ។ ដោយឡែកចំពោះការដឹកជញ្ជូន ក្នុងអំឡុងពេលអនុវត្តបម្រាមគោចរត្រូវបានហាមឃាត់ ម្ហូបអាហារ និងភេសជ្ជៈគ្រប់ប្រភេទ
– ការដឹកជញ្ជូនទំនិញយុទ្ធសាស្ត្ររបស់រដ្ឋ
– សេវាសង្គ្រោះបន្ទាន់ និងសេវាសុខាភិបាល
– ឱសថស្ថាន
– សេវាពន្លត់អគ្គិភ័យ
– សេវាផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត
– សេវាបម្រើប្រតិបត្តិការផ្នែកទូរគមនាគមន៍
– ទីតាំងផលិតគ្រឿងឧបភោគបរិភោគ និងទំនិញយុទ្ធសាស្ត្រដែលបម្រើឱ្យការប្រយុទ្ធនិងទប់ស្កាត់ជំងឺកូវីដ-១៩
– ទីតាំងផលិតនិងផ្គត់ផ្គង់ឱសថ អាល់កុល អុកស៊ីហ្សែន និងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រផ្សេងទៀត
– ស្ថានីយ៍ប្រេងឥន្ធនៈ-ហ្គាស – សេវាសណ្ឋាគារ និងផ្ទះសំណាក់
– ការបំពេញកាតព្វកិច្ចដែលបម្រើផលប្រយោជន៍សាធារណៈ
– ករណីចាំបាច់ និងសវាសាធារណៈចាំបាច់ដទៃទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
ប្រការ៥ …សកម្មភាពការងារ មុខរបរ និងអាជីវកម្មដែលមិនត្រូវបានហាមឃាត់ដូចក្នុងប្រការ២ ការជួបជុំ ឬ ការ ប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជនដែលត្រូវបានលើកលែងដូចក្នុងប្រការ៣ និង ការអនុវត្តបម្រាមគោចររាល់ការធ្វើ ចរាចរណ៍ និងសកម្មភាពការងារ មុខរបរ ឬ អាជីវកម្មដែលជាតម្រូវការចាំបាច់ត្រូវបានលើកលែងដូចក្នងប្រការ៤ នៃ សេចក្តីសម្រេចនេះ ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ ការស្កេន QR Code និងត្រូវអនុវត្តតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ប្រការ៦ …ប្រគល់ភារកិច្ចជូនគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់នៅថ្នាក់រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និង មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសហការចុះត្រួតពិនិត្យ និងអនុវត្តវិធានការរដ្ឋបាល ដូចមានចែងក្នុងខ្លឹមសារនៃសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ក្នុងករណីរកឃើញថាបុគ្គល ឬ នីតិបុគ្គលទាំងឡាយណា ដែលបំពានវិធានការនេះ ត្រូវអនុវត្តទណ្ឌកម្ម
រដ្ឋបាល និងទណ្ឌកម្មច្បាប់ រួមទាំងការផ្សព្វផ្សាយជាសាធារណៈចំពោះបុគ្គលល្មើស ស្របតាមច្បាប់ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ដោយគ្មានការលើកលែងឡើយ។

ប្រការ៧…ចំពោះទីតាំងដែលមានករណីវិជ្ជមានជំងឺកូវីដ-១៩ ដែលត្រូវបានបិទទីតាំងមុនពេលចូលជាធរមានន សេចក្តីសម្រេចលេខ និងទីតាំងដែលត្រូវបានអនុញ្ញាតឱ្យព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ រដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវបន្តគ្រប់គ្រង និងចាត់ វិធានការឱ្យបានចប់សព្វគ្រប់ ដើម្បីកាត់ផ្តាច់ឫសគល់នៃប្រភពចម្លងជំងឺកូវីដ-១៩ ។

ចំពោះទីតាំងដែលមានករណីវិជ្ជមានថ្មីជំងឺកូវីដ-១៩ ក្រោយពេលចូលជាធរមាននៃសេចក្ដីសម្រេចនេះ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ ត្រូវចាត់វិធានការ សុខាភិបាល និងវិធានការរដ្ឋបាលជាបន្ទាន់ ដោយត្រូវបិទទីតាំងជាផ្ទះ-បន្ទប់ជួល ឬ អគារ ឬ អាជីវកម្មដ្ឋាន ឬ ជាច្រក ផ្លូវ ឬ ជាប្លុកតូចៗ ឬ ដាក់ផ្លាកសញ្ញាសម្គាល់ “ទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ៖” និងត្រូវកំណត់អ្នកពាក់ព័ន្ធ ដែលត្រូវយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ព្រមទាំងត្រូវអនុវត្តវិធានចត្តាឡីស័ក ស្របតាមការណែនាំរបស់ ក្រសួងសុខាភិបាល។

ប្រការ៨ …បទប្បញ្ញត្តិទាំងឡាយណា ដែលបានដាក់ចេញដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មុនពេលសេចក្ដីសម្រេចនេះចូលជាធរមាន ហើយដែលមិនផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវមានអានុភាពអនុវត្ត បន្តរហូតដល់មានលិខិតបទដ្ឋានគតិយុត្តថ្មីមកជំនួស។
បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍៕ ដោយ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print