ភ្នំពេញ, ការបន្តអនុវត្តយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩,
កន្លងមកនេះ ដើម្បីធានាបានប្រសិទ្ធភាពនៃការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ជាពិសេស ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមនឹងការមកដល់នៃរលកទី៣ នៃការឆ្លងរាលដាល ទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta), រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេស និងវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប សម្រាប់រយៈពេល ១៤ ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ម៉ោង ២៣:៥៩ នាទី នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដោយបានដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ដែលត្រូវអនុវត្តជាបន្ទាន់ ក្នុងយុទ្ធនាការនេះ សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ជារួម ការអនុវត្តវិធានការបិទខ្ទប់បណ្តាខេត្តជាប់ព្រំដែន និងខេត្តសៀមរាប និងយុទ្ធនាការថ្នាក់ជាតិ រយៈពេល១៤ថ្ងៃ កន្លងមកនេះ បានជួយដល់ការគ្រប់គ្រង និងការពន្យារពេលបានមួយកម្រិតនូវការឆ្លង រាលដាលទ្រង់ទ្រាយធំក្នុងសហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta)។ ជាក់ស្តែង អត្រានៃការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានលក្ខណៈថេរ បើទោះជាមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) បានធ្លាយចូលក្នុងសហគមន៍ ហើយបច្ចុប្បន្ន បានរីករាលដាលរហូតទៅដល់ ១៧ រាជធានី-ខេត្ត ក្តី។
ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពក្នុងការបន្តគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំក្នុង សហគមន៍នៃមេរោគកូវីដ-១៩ ប្រភេទដែលតា (Delta) ជាពិសេស ក្រោយវិធានការបិទខ្ទប់បណ្តាខេត្តជាប់ ព្រំដែនកម្ពុជា-ថៃ និងខេត្តសៀមរាប ត្រូវបញ្ចប់តាមកាលកំណត់ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ២៣:៥៩ នាទី ស្អែកនេះ, រាជរដ្ឋាភិបាល សម្រេចបន្តការអនុវត្ត “យុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩“ នៅទូទាំងប្រទេស សម្រាប់រយៈពេល ៧ ថ្ងៃបន្ថែមទៀត រហូតដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
ក្នុងន័យនេះ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដល់គណៈអភិបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមម៉ឹងម៉ាត់ប្រកបដោយស្មារតីបុវេសកម្ម និងការទទួលខុសត្រូវខ្ពស់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយក្នុងអំឡុងពេលនៃការបន្តការអនុវត្តយុទ្ធនាការរយៈពេល ៧ ថ្ងៃបន្ថែមទៀតនេះ ត្រូវបន្តដាក់ចេញ និងជំរុញអនុវត្តវិធានការរឹតត្បិតចាំបាច់ទាំងឡាយឱ្យកាន់តែមានប្រសិទ្ធភាព និងឱ្យបានព្រមៗគា្ន នៅទូទាំងប្រទេស ដោយអនុលោមតាមការណែនាំក្នុងសារាចររបស់ រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ទទួលបានសេចក្ដីណែនាំនេះ គ្រប់ក្រសួង-ស្ថាប័ន គណៈអភិបាលរាជធានី-ខេត្ត និងគណៈប្រតិបត្តិ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ព្រមទាំងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀត ត្រូវផ្សព្វផ្សាយនិងអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ដោយ, សុខ ខេមរា