ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានការអប់អរសាទរនឹងមានការសប្បាយចិត្តជាខ្លាំង ដោយឃើញមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានធ្វើការស្ថាបនាផ្លូវចំនួន២ខ្សែរនាពេលថ្មីៗនេះជូនប្រជាពលរដ្ឋ ដែលផ្លូវទី១-មានប្រវែង១,២៧០ម៉ែត្រ ទទឹងចំនួន៦ម៉ែត្រ ចាប់ពីស្ពានចំការតែទៅទល់នឹងផ្លូវជាតិលេខ ៧៦A និងផ្លូវទី២-មានប្រវែង ១,៧៣០ម៉ែត្រ ទទឹងចំនួន៦ម៉ែត្រ ចាប់ពីក្បាលស្ពានចំការតែទៅទល់ នឹងផ្លូវថ្នល់ព្រះពននារាយដៃប្រាំបីជើងភ្នំដោះក្រមុំ ដែលជាការសំណូមពររបស់ប្រជាពលរដ្ឋនៅ នៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិនៅក្នុងក្រុងសែនមនោរម្យ កាលពីឆ្នាំ២០១៥នាពេលកន្លងមកនេះ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា កាលពីមុនពួកគាត់ពិបាកក្នុងការធ្វើដំណើរណាស់ពីព្រោះផ្លូវ នៅទីនោះមានចង្ហុកជ្រៅៗច្រើនកន្លែងដោយសារនៅរដូវស្សាត្រូវបានទឹកហូរច្រោះដាច់ព្រមទាំងរអិល ហើយនៅរដូវប្រាំងវិញមានការហុយដីមកលើពួកគាត់ទៀត។
ប្រជាពលរដ្ឋក៏បានថ្លែងអំណរគុណដល់មន្ទីសារធារណការ និងជញ្ជូនខេត្ត ថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលបានស្ថាប់នាផ្លូវចំនួន២ខ្សែរជូនពួកគាត់ ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូននូវកសិផល ដើម្បីដោះដូររកចំណូលថវិកា ដោះស្រាយនូវជីវភាពប្រចាំថ្ងៃ៕
ដោយ៖ វុទ្ធឥឦសាន