ខេត្តកណ្តាលៈ ព្រោះតែប្រចណ្ឌប្តីជាមួយស្រីផ្សេងធ្វើឲ្យស្ត្រីម្នាក់ដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនដោយផឹកថ្នាំបំពុលសត្វល្អិត បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង២២ និង១០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ ចំណុចបន្ទប់ផ្ទះជួលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន7NG ស្ថិតក្នុងភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ស្ត្រីរងគ្រោះមានមុខរបរ ជាកម្មការីនៅបម្រើការងារនៅរោងចក្រកាត់ដេរក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុមហ៊ុន7NG មានទីលំនៅក្នុងភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្ដាល បច្ចុប្បន្នស្នាក់នៅបន្ទប់ផ្ទះជួលកើតហេតុខាងលើ ។ ប្រភពដដែលបានបន្តថា ស្ត្រីរងគ្រោះឧស្សាហ៍ប្រចណ្ឌប្តីរបស់ខ្លួនជាមួយស្រីផ្សេងខ្លាំងណាស់ ពេលប្រចណ្ឌម្តងៗស្ត្រីរងគ្រោះបានព្យាយាមផឹកថ្នាំបំពុលធ្វើអត្តឃាត តែត្រូវបានបុរសជាប្តីជួយទាន់ពេលវេលាទើបមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ។ លុះមកដល់យប់កើតហេតុស្ត្រីរងគ្រោះមានការប្រចណ្ឌប្តីរបស់ខ្លួនជាមួយស្រីផ្សេងជាថ្មីម្តងទៀត ក៏បានលួចទិញថ្នាំបំពុលសត្វល្អិតមកផឹកធ្វើអត្តឃាត គ្រាដែលប្តីមិននៅជាមួយ ។ ក្រោយពីផឹកថ្នាំបំពុលសត្វល្អិតរួចមកស្ត្រីរងគ្រោះមានអាការប្រកាច់បែកពពុះមាត់ដេកដួលទៅលើឥដ្ឋការ៉ូ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់បន្ទល់ជួល ក៏ទំនាក់ទំនងទៅបុរសជាប្តីហៅរថយន្តសាមុយដឹក បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត ក្នុងរាជធានីភ្នំពេញ តែជាអកុសលពេលទៅដល់មន្ទីរពេទ្យមិនបានប៉ុន្មានម៉ោងផងនោះ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ៕ស្អាងជ័យ
ភ្លើងប្រចណ្ឌបានធ្វើឲ្យស្ត្រីម្នាក់ផឹកថ្នាំពុលធ្វើអត្តឃាត
...