ខេត្តសៀមរាប, រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង មកធ្វើជាសម្បត្តិរបស់រដ្ឋទាំងអស់ ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់អោយដឹងថា, បន្ទាប់ពីទីស្ដីការគណ:រដ្ឋមន្រ្តី ចុះហត្ថលេខាលើលិខិតសម្រេចកាលថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ។
យោងតាមរូបភាពពីអង្គភាព មន្ទីរព័ត៌មានខេត្តសៀមរាប កំពង់ផែទេសចរណ៍ ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង ក្នុងផេកលោករដ្ឋមន្ត្រីបានបន្តថា, លិខិតសម្រេចកាលថ្ងៃទី២៩ ខែកក្កដាកន្លងទៅ ដែលខ្លឹមសារក្នុងសេចក្តីសម្រេចនោះ ចែងថា ត្រូវបានដកហូតទីតាំងវិនិយោគទាំងស្រុង របស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន។
ដោយឡែក លោក លី សំរិទ្ធិ អ្នកនាំពាក្យរដ្ឋបាលខេត្ត និងជាអភិបាលរងខេត្តរៀមរាប បានបញ្ជាក់នៅថ្ងៃទី១១ ខែសីហានេះកន្លងទៅថា, ចំពោះសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការដក់ហូតកំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន ស៊ូ ជីង ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរ គ្រប់គ្រងជាបណ្ដោះអាសន្នសិននោះ ខាងរដ្ឋបាលខេត្តបានទទួលហើយ ដោយនៅរងចាំតែការអនុវត្តប៉ុណ្ណោះ ដោយមិនទាន់កំណត់បានពីការអនុវត្តនៅពេលណា ឬថ្ងៃណានោះបានឡើយ។
សូមបញ្ជាក់ផងដែរថា, កន្លងទៅ កំពង់ផែទេសចរណ៍ចុងឃ្នៀសពីក្រុមហ៊ុន ស៊ូ ជីង មិនសូវពេញចិត្តពីប្រជាពលរដ្ឋ ដែលជាអ្នកដឹកជញ្ជូនភ្ញៀវបន្តិចបន្តួច ក៏ដូចជាលក់ដូរតាមទូក ខណៈក្រុមហ៊ុនខាងលើនេះមានភាពតឹងរ៉ឹងចំពោះការវិនិយោគរបស់ខ្លួនផ្ដាច់មុខ៕
ដោយ, សហការី