ភ្នំពេញ, សេចក្តីអំពាវនាវ ស្តីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋវ័យជំទង់ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ដែលនឹងត្រូវបញ្ចប់ការចាក់ដូសទី១ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមជម្រាបជូនប្រជាពលរដ្ឋជាឪពុកម្តាយ ឬអាណាព្យាបាល កុមារ-យុវវ័យ ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ រស់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារឱ្យបាន ជ្រាបថា៖ រដ្ឋបាលខណ្ឌ ធ្លាប់បានជូនដំណឹងម្តងរួចមកហើយ ឱ្យប្រជាពលរដ្ឋជាកុមារ-យុវវ័យរស់នៅ ក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ មានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ត្រូវមកទទួលការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី១ នៅទីតាំងចាក់វ៉ាក់សាំងផ្សាររុងរឿង(OCIC) សម្រាប់ប្រជាពលរដ្ឋដែល រស់នៅសង្កាត់ជ្រោយចង្វារ ព្រែកលៀប ព្រែកតាសេក និងសង្កាត់បាក់ខែង និងទីតាំងចាក់វ៉ាក់សាំង មណ្ឌលសុខភាពកោះដាច់ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅសង្កាត់កោះដាច់ តាមការអញ្ជើញរបស់ អាជ្ញាធរមូលដ្ឋាន ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋជាកុមារ-យុវវ័យភាគច្រើន បានមកទទួលការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងមួយចំនួនមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ។ ជាថ្មីម្ដងទៀត រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋជាឪពុកម្តាយ ឬអាណាព្យាបាល កុមារ-យុវវ័យ ដែលមានអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ដែលកំពុងរស់នៅក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ ហើយពុំទាន់បានចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី១ សូមទំនាក់ទំនងជាមួយអាជ្ញាធរភូមិ-សង្កាត់ ដែលបងប្អូនកំពុងរស់នៅដោយផ្ទាល់ដើម្បីបានលិខិតអញ្ជើញចាក់វ៉ាក់សាំង ដែលយុទ្ធនាការចាក់វ៉ាក់សាំង ដូសទី១ នឹងបញ្ចប់នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។
ទន្ទឹមនឹងនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ សូមក្រើនរំលឹក និងអំពាវនាវចំពោះប្រជាពលរដ្ឋ ដែលត្រូវទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩. ត្រូវរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ដោយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្ត នូវវិធានការសុខាភិបាល និងវិធានការ « ៣កុំ និង៣ការពារ » របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឈរលើស្មារតីស្រលាញ់ជាតិ សហគមន៍ គ្រួសារ និងអាយុជីវិតផ្ទាល់ខ្លួន ក្នុងឆន្ទៈរួមគ្នាជាធ្លុងមួយ ដើម្បីឈានទៅកាត់ផ្ដាច់ និងលុបបំបាត់ការ ឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុង « ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ » នៅរាជធានីភ្នំពេញឱ្យបានឆាប់ៗ នាពេលខាងមុខនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន និង ចូលរួមសហការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព៕
ដោយ, សិលា