កីឡាករ Andy Robertson នឹងខកខានការចាប់ផ្តើមរដូវកាល Premier League របស់ក្រុមហង្សក្រហម Liverpool បន្ទាប់ពីការស្កេនបានបង្ហាញពីការខូចខាតសរសៃកជើង។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី១០ ខែសីហាម្សិលមិញ។ ខ្សែការពារឆ្វេងសញ្ញាតិស្កុតឡេនវ័យ២៧ឆ្នាំរូបនេះបានជួយក្នុងការប្រកួតស្មើ ១-១ របស់ក្រុមហង្សក្រហម Liverpool ជាមួយក្រុម Athletic Bilbao ក្នុងជំនួបមិត្តភាពអន្តរជាតិកាលពីថ្ងៃអាទិត្យបន្ទាប់ពីបានរងរបួសកជើងខាងស្តាំរបស់គាត់មុនពេលពាក់កណ្តាលម៉ោង។ Andy Robertson បានចាកចេញពីមន្ទីរពេទ្យដោយប្រើឈើច្រត់ ហើយបានពាក់ឧបករណ៍ការពារជើងកាលពីថ្ងៃចន្ទ។ លោកបាននិយាយនៅលើបណ្តាញសង្គមធ្វីធើរថា “ស្កែនមិនមានអ្វីធំដុំទេ ប៉ុន្តែមានការខូចខាតសរសៃពួរខ្លះដែលនឹងត្រូវការព្យាបាល។ ខ្ញុំនឹងធ្វើការប្រកួតជារៀងរាល់ថ្ងៃ ដូច្នេះខ្ញុំអាចជួយក្រុមនេះបានលឿនជាងការរំពឹងទុក” ។ ក្លិប Liverpool មិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាត និងពេលវេលានៃការជាសះស្បើយនៅឡើយទេសម្រាប់កីឡាកររូបនេះ។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Roberto Firmino បានស៊ុតបាល់បញ្ចូលទី២គ្រាប់បន្ទាប់ពីការបញ្ជូនបាល់បើកឆាករបស់ Takumi Minamino ខណៈដែលហង្សក្រហមបានយកឈ្នះ Osasuna ៣-១ ក្នុងការប្រកួតមិត្តភាពកាលពីយប់ថ្ងៃចន្ទ។ ក្រុមរបស់លោក Jurgen Klopp នឹងបើកការប្រកួតរដូវកាលថ្មីនៅថ្ងៃសៅរ៍ដោយប៉ះជាមួយក្រុម Norwich City បន្ទាប់មកជួបជាមួយ Burnley, Chelsea និង Leeds United ៕ (រូបភាព ៖ BBC Sport)