ភ្នំពេញ, នៅរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជាសូមប្រកាសបដិសេធថា ឈ្មោះ សំបូរ ដានី ពុំមែនជាមន្រ្តី ឬមន្រ្តីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាទេ ។ លោកថ្លែងថា, ក្នុងករណីសាម៉ីខ្លួនឬបុគ្គលណាម្នាក់យកឈ្មោះ និងរូថតសាម៉ីខ្លួនទៅក្លែងបន្លំថាខ្លួនជាមន្ត្រី នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីប្រើប្រាស់ក្នុងរូបភាពផ្ទុយពីក្រមសីលធម៌វិជ្ជាជីវ:សារព័ត៌មាន ឬខុសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជានោះ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា មិនទទួលខុសត្រូវឡើយ ។
អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា មានកិត្តិយសជម្រាបជូនថ្នាក់ដឹកនាំគ្រប់ស្ថាប័ន និង សូមស្នើដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាចាត់វិធានការវែកមុខបុគ្គលដែល បានក្លែងបន្លំខាងលើនេះ មកដាក់ទោសតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបជូនថា, កាលពីម្សិលមិញមានអ្នកកាសែតចំនួន ២នាក់ បានយកឈ្មោះ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ទៅទារលុយកន្លែងក្លឹបហាត់ប្រាណនៅខណ្ឌពោធិ៍សែនជ័យ ដែលជាក្លឹបត្រូវបានបិទដំណើរការ ស្របតាមសេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ។
ការប្រព្រឹត្តិខុសវិជ្ជាជីវៈ ក្រមសីលធម៌ក្នុងនាមជាអ្នកសារព័ត៌មាន បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ និងអង្គភាពសារព័ត៌មានដទៃទៀត បង្កើតឲ្យមានការយល់ច្រឡំចំពោះអត្តចរិករបស់អ្នកសារព័ត៌មាន ដែលបានបំពេញតួនាទីស្របតាមក្រមសីលធម៌វិជ្ជាជីវៈ។
ទីបំផុត ! កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានឃាត់ខ្លួន បញ្ជូនខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។ ក្រោយមកដោយមានការសន្ដោសប្រណី អនុគ្រោះពីលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អ្នកកាសែតទាំងពីរនាក់ ត្រូវបានដោះលែងនៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕
ដោយ, សិលា