រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិកលោកបៃឌិន បានសម្រេចបញ្ជូនកម្លាំងទាហាន៣ពាន់នាក់ ទៅកាន់រដ្ឋធានីកាប៊ុលដើម្បីជួយការពារសន្តិសុខនិងជម្លៀសបុគ្គលិកមន្ត្រីស្ថានទូតចេញពីអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price នៅថ្ងៃទី១២ខែសីហា បានបញ្ជាក់ថា មន្ទីរបញ្ចកោណនឹងបញ្ជូនកម្លាំងទាហានបន្ថែម៣ពាន់នាក់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល៤៨ម៉ោងដើម្បីជម្លៀស បុគ្គលិកស្ថានទូតនិងពលរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា «យើងកំពុងតែវាយតម្លៃពីស្ថានភាព សន្តិសុខ ដើម្បីធានាដល់សុវត្ថិភាពពលរដ្ឋអាមេរិក និងមន្ត្រីស្ថានទូត។ យើងរក្សាទុកបុគ្គលិកជំនាញមួយចំនួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ខាងមុខ ក្រៅពីនេះនឹងបញ្ជូនចេញពីអាហ្វហ្គានីស្ថានដោយបារម្ភពីសុវត្ថិភាព»។
ក្រោយការប្រកាសរបស់លោក Ned Price ស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុលបានអំពាវនាវដល់ពលរដ្ឋអាមេរិកឱ្យចាកចេញពីប្រទេសអាហ្វហ្គានីស្ថានជាបន្ទាន់។ សកម្មភាពខាងលើកើតឡើងក្រោយពេលក្រុមតាលីបង់ដណ្តើមបានការគ្រប់គ្រងទីក្រុង Herat នៅភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាននិងខេត្តGhazni ដែលជាតំបន់យុទ្ធសាស្ត្រនៅភាគខាងត្បូងរដ្ឋធានីកាប៊ុល។
អាមេរិកបានព្រមានដល់ក្រុមតាលីបង់ថា ទីក្រុងវ៉ាស៊ីនតោននឹងបើកការវាយប្រហារប្រសិនបើក្រុមតាលីបង់វាយប្រហារទៅលើជនជាតិអាមេរិក។ ជាមួយគ្នានេះដែរ អាមេរិកបានបញ្ជូនទាហានចាប់ពី៣៥០០-៤០០០នាក់ដើម្បីទៅការពារពលរដ្ឋអាមេរិកក្នុងទឹកដីអាហ្វហ្គានីស្ថាន។
នៅថ្ងៃទី៣១ខែសីហា ជាពេលវេលាចុងក្រោយដែលអាមេរិកត្រូវដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយរក្សាទាហានតែ៦៥០នាក់ប៉ុណ្ណោះដើម្បីការពារស្ថានទូតនិងអាកាសយានដ្ឋាន។ គិតត្រឹមថ្ងៃទី១២ខែសីហា ស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុលមានបុគ្គលិក៤២០០នាក់ ហើយភាគច្រើនក្នុងចំណោមនោះជាជនជាតិអាហ្វហ្គានីស្ថាន៕ ដោយ៖ធីរីណា
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Ned Price បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី ១២ ខែសីហា។ រូបថត៖AP