នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា បានរកឃើញករណីឆ្លងកូវីដ-១៩ដល់ទៅ៩.១៥០នាក់ ក្នុងនោះទីក្រុងហូជីមិញមានករណីឆ្លងដល់ទៅ៣.៥១៣នាក់ បន្ទាប់មកគឺខេត្តប៊ិញយឿងមានករណីឆ្លងដល់ទៅ២.៨១៦នាក់។ ក្នុងថ្ងៃជាមួយគ្នានេះដែរ មានអ្នកជាសះស្បើយ៣.៥៩៣នាក់។
ចំពោះទីក្រុងហូជីមិញនៃប្រទេសវៀតណាម នឹងត្រូវបន្តស្ថិតក្នុងការបិទខ្ទប់រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២១ ព្រោះចំពោះមុខករណីឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 នៅតែកើនឡើងខ្ពស់ជាលំដាប់។
លោក ផាន វ៉ាន ម៉ាយ (Phan Van Mai) អគ្គលេខាធិការរង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «យើងត្រូវតែត្រៀមរៀបចំដើម្បីការប្រយុទ្ធយូរទៅមុខទៀត…»។ ការលើកឡើងបែបនេះបានកើតមានឡើងខណៈដែលទីក្រុងហូជីមិញ ត្រូវបានគេមើលឃើញថា នៅតែជាចំណុចឆ្លងរាតត្បាត COVID-19 ខ្លាំងជាងគេនៅក្នុងប្រទេសវៀតណាម។
វៀតណាមត្រូវបានចាត់ទុកជាប្រទេសទទួលបានជោគជ័យខ្លាំងបំផុតមួយក្នុងការគ្រប់គ្រងការរាតត្បាតជំងឺ COVID-19 ចាប់តាំងពីការផ្ទុះករណីឆ្លងដំបូងៗ នៅអំឡុងដើមឆ្នាំ២០២០។ ប៉ុន្តែរហូតដល់ចុងខែមេសា ឆ្នាំ២០២១ វៀតណាមបានមើលឃើញថាមានការផ្ទុះឡើងជាបន្តបន្ទាប់នៃករណីឆ្លង ជាពិសេសនៅពេលមានវត្តមានវីរុសបំប្លែងថ្មី Delta៕ ដោយ៖ធីរីណា
កម្លាំងនគរបាលដាណាងកំពុងបំពេញភារកិច្ច ២៤/២៤ ដើម្បីត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើប្រជាជននៅតាមដងផ្លូវដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ ១៩ ។ រូបភាព៖vtc.vn